អេត្យូពីគ្រោងនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៦៨,៨% នៅឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងផែនការ និងអភិវឌ្ឍន៍ លោកស្រី ហ្វីតស៊ុម អាសសេហ្វា (Fitsum Assefa) បាននិយាយថា ប្រទេសអេត្យូពីបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៦៨,៨% នៅឆ្នាំ២០៣០។
សាជីវកម្មផ្សព្វផ្សាយអេត្យូពីបានរាយការណ៍ថា ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីតួនាទីរបស់វិស័យឯកជនក្នុងដំណោះស្រាយបម្រែបម្រួលអាកាសធាតុ និងរបៀបវារៈនៃការអភិវឌ្ឍបៃតង លោកស្រីអាសសេហ្វា បាននិយាយថា ប្រទេសអេត្យូពីប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៦៨,៨% នៅឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍យុទ្ធសាស្រ្តធន់នឹងអាកាសធាតុរបស់ខ្លួន។
លោកស្រីបាននិយាយថា ប្រទេសអេត្យូពីបានរួមបញ្ចូលយុទ្ធសាស្ត្របន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទៅក្នុងវិស័យសំខាន់ៗ រួមមានកសិកម្ម ថាមពល ឧស្សាហកម្ម ការដឹកជញ្ជូន និងការអភិវឌ្ឍទីក្រុង។
លោកស្រី អាសសេហ្វា បានគូសបញ្ជាក់ថា ប្រទេសអេត្យូពីមានគោលបំណងសម្រេចបាននូវការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ ដោយស្របតាមការប្តេជ្ញាចិត្តនៃអាកាសធាតុពិភពលោកក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកស្រីបានជំរុញឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទាន និងអនុវត្តន៍គម្រោងបៃតង ទទួលយកគំរូអាជីវកម្មប្រកបដោយនិរន្តរភាព និងការវិនិយោគលើដំណោះស្រាយអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





