ក្រុមវេជ្ជសាស្រ្ដចិនផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនៅប្រទេសសេណេហ្គាល់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- សមាជិកក្រុមទី២០ នៃក្រុមវេជ្ជសាស្រ្ដចិន បានផ្តល់សេវាវេជ្ជសាស្រ្តចល័តដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៣នៅភាគខាងជើង និងកណ្តាលនៃប្រទេសសេណេហ្គាល់។
ក្រុមដែលរួមមានវេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុងការវះកាត់ ពេទ្យកុមារ និងរោគភ្នែក ក៏បានផ្តល់ការបង្រៀន និងបរិច្ចាកសម្ភារៈពេទ្យដល់មន្ទីរពេទ្យក្នុងស្រុក Linguere និង មន្ទីរពេទ្យ Dahra ក្នុងតំបន់ Louga ភាគខាងជើងនៃប្រទេសសេណេហ្គាល់ និងនៅមន្ទីរពេទ្យTouba ក្នុងតំបន់កណ្តាលនៃ Diourbel ។
មនុស្សសរុបចំនួន ១.៤១១នាក់បានទទួលអត្ថប្រយោជន៍ពីសេវាកម្មរបស់ពួកគេ ដែលរួមបញ្ចូលវគ្គអប់រំសុខភាពបន្ទាន់ផងដែរ។
លោក អាលី បៃឌី ខេន (Aly Baidy Kane) អនុប្រធាននាយកដ្ឋាននៃមន្ទីរពេទ្យ Linguere បានសរសើរការរួមចំណែករបស់ក្រុមគ្រូពេទ្យចិនចំពោះការថែទាំសុខភាពក្នុងតំបន់។ លោកបានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតចិនសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ពួកគេ ហើយលោកសង្ឃឹមថានឹងទទួលបានកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តកាន់តែស៊ីជម្រៅដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋសេណេហ្គាល់កាន់តែច្រើន។
លោក យ៉ាង យីហ្គូវ (Yang Yiguo) ប្រធានក្រុមគ្រូពេទ្យចិនទី២០ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមក្នុងការប្រើជំនាញរបស់ពួកគេដើម្បីគាំទ្រដល់ការអភិវឌ្ឍការថែទាំសុខភាពរបស់ប្រទេសសេណេហ្គាល់និងនាំមកនូវសុខភាព និងក្តីសង្ឃឹមដល់មនុស្សកាន់តែច្រើន។
ក្រុមគ្រូពេទ្យចិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសសេណេហ្គាល់ អស់រយៈពេលជិត ៥ទសវត្សរ៍មកហើយ ដែលជាឧទាហរណ៍ដ៏ភ្លឺស្វាងនៃមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យចំនួន ២០ក្រុមដែលមានសមាជិកសរុបចំនួន ៣១២នាក់ទៅកាន់ប្រទេសសេណេហ្គាល់ ដោយផ្តល់សេវាវេជ្ជសាស្រ្តដល់អ្នកជំងឺជាង ៣,៥លាននាក់ ដែលទទួលបានការទទួលស្គាល់ និងការកោតសរសើរយ៉ាងទូលំទូលាយពីប្រជាជនសេណេហ្គាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





