លោក ត្រាំ គិតថា លោក ពូទីន និងលោក ហ្សេលេនស្គី គួរតែជួបគ្នាដើម្បីដំណោះស្រាយនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ចាំបាច់ត្រូវជួបជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដើម្បីពិភាក្សាអំពីការដោះស្រាយជម្លោះអ៊ុយក្រែន។ នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានខណៈដែលលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីរបស់លោកមួយចំនួនថា«លោកប្រធានាធិបតី ពូទីន និង ហ្សេលេនស្គី នឹងត្រូវតែជួបគ្នា»។
លោកបានបញ្ជាក់សារជាថ្មីថា លោកពេញចិត្តនឹងការដោះស្រាយវិបត្តិអ៊ុយក្រែនសម្រាប់ហេតុផលមនុស្សធម៌ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ប្រមុខរដ្ឋអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា «នោះហើយជាមូលហេតុដែលខ្ញុំចង់ឃើញបទឈប់បាញ់គ្នា ហើយខ្ញុំចង់សម្រេចបានកិច្ចព្រមព្រៀង»។
មួយថ្ងៃមុននៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News លោកបាននិយាយថា បើទោះបីជាមានការរិះគន់របស់លោកចំពោះលោក ហ្សេលេនស្គី ក៏ដោយ ក៏លោកនៅតែបើកចំហសម្រាប់ទំនាក់ទំនងបន្ថែមទៀត។ ប្រធានាធិបតីអាម៉េរិករូបនេះបានសន្យាថានឹងឆ្លើយតបប្រសិនបើលោក ហ្សេលេនស្គី ទាក់ទងទៅលោក។ ទន្ទឹមនឹងនេះដែរ លោក ត្រាំ បានកត់សម្គាល់ថា លោក ហ្សេលេនស្គី កំពុងរារាំងដំណោះស្រាយនៅអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





