មូលនិធិ IMF អំពាវនាវឱ្យថៃកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រដល់ការសម្រាលអតិផរណា និងបន្ទុកបំណុល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការកាត់បន្ថយបន្ថែមទៀតនៃគោលនយោបាយអត្រាការប្រាក់របស់ប្រទេសថៃនឹងជួយជំរុញឱ្យមានអតិផរណាទាប និងបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកខ្ចីក្នុងស្រុក។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ ខែកុម្ភៈ បានឱ្យដឹងថា មូលនិធិនេះបានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ធនាគារកណ្តាលថៃ(BoT) កាលពីក្នុងខែតុលា ដើម្បីកាត់បន្ថយគោលនយោបាយអត្រាការប្រាក់ និងបានផ្តល់អនុសាសន៍ឱ្យកាត់បន្ថយបន្ថែមទៀតដើម្បីគាំទ្រដល់ការកាត់បន្ថយអតិផរណា និងកែលម្អសមត្ថភាពសេវាបំណុលរបស់អ្នកខ្ចី។
បំណុលគ្រួសាររបស់ប្រទេសថៃបានកើនឡើងដល់ ៤៨៦ពាន់លានដុល្លារអាម៉េរិកពីចំនួនប្រហែល ៤០០ពាន់លានដុល្លារអាម៉េរិកកាលពីដើមឆ្នាំ២០១៩។
នៅពេលមុននេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ បន្ទាប់ពីកំណើន ២,៥% កាលពីឆ្នាំមុនដែលបានមកតាមរយៈការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ច។
មូលនិធិ IMF បាននិយាយថា ដោយសារភាពមិនច្បាស់លាស់ដែលនៅសេសសល់ក្នុងទស្សនវិស័យ អាជ្ញាធរគួរតែត្រៀមខ្លួនដើម្បីកែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ពួកគេតាមទិន្នន័យ និងលក្ខណៈដែលពឹងផ្អែកលើទស្សនវិស័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





