ម៉ាឡេស៊ីនឹងបង្កើនតួនាទីអាស៊ានក្នុងការពង្រឹងការអភិវឌ្ឍជនបទ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត អាម៉ាដ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងបង្កើនតួនាទីរបស់អាស៊ានក្នុងការពង្រឹងការអភិវឌ្ឍជនបទតាមរយៈការធ្វើផែនការតំបន់ដែលមានលក្ខណៈទូលំទូលាយនិងសមាហរណកម្ម។
លោកបាននិយាយថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះប្រទេសម៉ាឡេស៊ីនឹងផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យឌីជីថលនីយកម្ម ការបង្កើនការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅតាមទីជនបទ ដើម្បីធានាបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចពីគ្រប់កម្រិតនៃសង្គម រួមទាំងអ្នកដែលរស់នៅក្នុងតំបន់ជនបទ និងតំបន់ដាច់ស្រយាលផងដែរ។
លោកបានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីចង់ឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះផ្តល់ផលប្រយោជន៍ពិតប្រាកដ ជាជាងការត្រឹមតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងការចេញសេចក្តីប្រកាស។ អាស៊ានត្រូវតែធានាថា ការអភិវឌ្ឍជនបទមិនត្រូវបានទុកចោលទេ ចំពេលដែលមានការរីកចម្រើនខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ភាពស៊ីសង្វាក់គ្នាក្នុងតំបន់ត្រូវតែពង្រឹងតាមរយៈឌីជីថលនីយកម្ម មជ្ឈមណ្ឌលនវានុវត្តន៍ និងការលើកកម្ពស់អ្នកបច្ចេកទេសដើម្បីឱ្យវិស័យជនបទអាចបន្តរីកចម្រើនទៅមុខ។
លោក អាម៉ាដ ហ្សាហ៊ីដ ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់របស់ប្រទេសម៉ាឡេស៊ីនោះ ក៏បានស្នើឱ្យបង្កើតបណ្តាញភូមិអាស៊ាន(AVN) ដែលជាវេទិកាយុទ្ធសាស្ត្រដើម្បីភ្ជាប់ទំនាក់ទំនងរវាងភូមិក្នុងតំបន់ជាមួយវិស័យឯកជន និងរដ្ឋាភិបាលផងដែរ។
លោកបាននិយាយថា គំនិតផ្តួចផ្តើមនេះនឹងផ្តោតសំខាន់ទៅលើធាតុចំនួនបី គឺ ទេសចរណ៍ភូមិ ភូមិឌីជីថល និងគំនិតភូមិមួយ ផលិតផលមួយ(OVOP) ។
ប្រទេសម៉ាឡេស៊ីអាចប្រើប្រាស់វេទិកា AVN ដើម្បីលើកកម្ពស់ផលិតផលជនបទនៅទូទាំងតំបន់អាស៊ាន ដោយនឹងបង្កើតឱកាសសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់សហគមន៍ជនបទ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





