ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលហ្វីលីពីន(DOH) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ករណីជំងឺគ្រុនឈាមមានជាង ៤៣.០០០នាក់ត្រូវបានកត់ត្រានៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួង DOH បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Inquirer ថា «ចំនួនសរុបនៃករណីជំងឺគ្រុនឈាមចាប់ពីខែមករាដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន៤៣.៧៣២នាក់»។
ទីភ្នាក់ងារនេះបានកត់សម្គាល់ថា នេះគឺជាការកើនឡើង ៥៦% ពីករណីជំងឺគ្រុនឈាមចំនួន ២៧.៩៩៥នាក់ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួង DOH ក៏បាននិយាយផងដែរថា ចំនួនខ្ពស់នៃជំងឺគ្រុនឈាមអាចត្រូវបានមើលឃើញភាគច្រើននៅក្នុងតំបន់ចំនួនបីដែលមានច្រើនជាងពាក់កណ្តាលនៃករណីទូទាំងប្រទេស។
តំបន់កាឡាបាហ្សូន (រួមមានខេត្តកាវីតេ ខេត្តឡាហ្គូណា ខេត្តបាតាំងហ្គាស់ ខេត្តរីហ្សាល់ និងខេត្តគូហ្សូន) មាន ៩.១១១ករណី តំបន់រដ្ឋធានីជាតិមានចំនួន ៧.៥៥១ករណី និងតំបន់លូហ្សូនកណ្តាល មានចំនួន៧.៣៦២ករណី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





