ឥណ្ឌូណេស៊ីស្វែងរកទីផ្សារនាំចេញថ្មី ចំពេលដែលមានការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបាននឹងកំពុងរុករកគោលដៅនាំចេញថ្មីផ្សេងពីសហរដ្ឋអាមេរិក ហើយគ្រោងនឹងពន្លឿនកិច្ចចរចាពាណិជ្ជកម្មឱ្យបានមុនពន្ធថ្មីរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយកាលពីពេលថ្មីៗនេះថារដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងស្វែងរកទីផ្សារនាំចេញថ្មីនៅអាហ្វ្រិកមជ្ឈិមបូព៌ា និងអាមេរិកឡាទីន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឱកាសជាមួយក្រុមប្រទេសប្រ៊ីកស៍ (BRICS) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
លោក អ៊ែរឡាងហ្កា បានកត់សម្គាល់ថា រដ្ឋាភិបាលនៅតែបន្តតាមដានការអភិវឌ្ឍ និងលក្ខខណ្ឌពាណិជ្ជកម្មជាសកល។
លោកបាននិយាយថា ដោយមើលឃើញពីនិន្នាការនាពេលបច្ចុប្បន្ន វាមិនមានការរំខានដល់ពាណិជ្ជកម្មរបស់យើងទេ ព្រោះថា ៨៣% នៃពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានធ្វើឡើងនៅខាងក្រៅសហរដ្ឋអាមេរិក។
លោកនៅតែមានសុទិដ្ឋិនិយមថា ប្រទេសឥណ្ឌូណេស៊ីនឹងបន្តធ្វើពាណិជ្ជកម្មជាសកលជាមួយប្រទេសផ្សេងៗទៀត និងមានគោលជំហរល្អក្នុងការទប់ទល់នឹងសម្ពាធពីខាងក្រៅ ដោយសារភាពធន់នឹងទីផ្សារក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





