ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនឹងជំរុញការវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ទុនទៅលើការធ្វើជាប្រធានអាស៊ានរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសនេះជាគោលដៅនៃការវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលោក អាន់វ៉ា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បានសម្តែងការពេញចិត្តចំពោះការត្រៀមធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី និងបានបង្ហាញអំពីសំណើមួយចំនួនដើម្បីធានាថា រដ្ឋាភិបាលអាចផ្តល់នូវអ្វីដែលល្អបំផុត ខណៈដែលនឹងលើកកម្ពស់មុខមាត់របស់ប្រទេសខ្លួននៅលើឆាកពិភពលោក។
យោងតាមរូបលោក បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីត្រូវតែចាប់យកសក្តានុពលពាណិជ្ជកម្មនៅពេលចូលកាន់តំណែងជាប្រធានអាស៊ានជាពិសេសនៅពេលកិច្ចប្រជុំកំពូលអាស៊ានដែលពាក់ព័ន្ធជាលើកដំបូងនឹងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងប្រទេសចិន។ លើសពីនេះទៀត ប្រទេសម៉ាឡេស៊ីបានប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសម្រាប់ប្រទេសសមាជិកប្លុក និងជាពិសេសសម្រាប់ម៉ាឡេស៊ី។
ក្រោមប្រធានបទ «បរិយាប័ន្ន និងនិរន្តរភាព» ប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កម្មវិធី និងកិច្ចប្រជុំកំពូលដែលទាក់ទងនឹងអាស៊ានជាង៣០០ ក្នុងរយៈពេលពេញមួយឆ្នាំ។ បណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងសាជីវកម្មពិភពលោកធំៗមកពីអារ៉ាប៊ីសាអូឌីត ចិន សហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន នឹងសហការគ្នាជាមួយរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីរៀបចំការតាំងពិព័រណ៌ និងសន្និសីទខ្នាតធំមួយចំនួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





