អភិបាលរងខេត្តកណ្តាលដឹកនាំប្រជុំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន
AKP កណ្ដាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង ១៣ផងដែរ និងមន្ត្រីរាជការជាច្រើនរូប។

លោកអភិបាលរងខេត្តបានស្នើដល់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានដែលពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយបង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន និងខិតខំអនុវត្តទប់ស្កាត់ ករណីប្រើប្រាស់គ្រឿងញៀន និងបង្កើនការផ្សព្វផ្សាយ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យបានទូលំទូលាយ ជាពិសេសនៅតាមសាលារៀន ទីសាធារណៈ វត្តអារាម ស្ថាប័នរដ្ឋ វិស័យឯកជន និងទីប្រជុំជនជាដើម។

លោកអភិបាលរងបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀនអាចលុបបំបាត់ និងទប់ស្កាត់បាន លុះត្រាតែមានការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយនេះ មិនត្រូវឃុបឃិតនឹងបទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





