𝗖𝗔𝗙𝗘𝟮𝟲 បង្ហាញពីបទពិសោធន៍កម្រិតសកលពីទីក្រុងរ៉ូម របស់យុវជនកម្ពុជាមកជាសកម្មភាពក្នុងស្រុក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងរ៉ូម ហើយត្រឡប់មកវិញ យុវជនកំពុងនាំយកគំនិតថ្មីៗ បទពិសោធន៍ និងបណ្តាញទំនាក់ទំនងកម្រិតសកល ដើម្បីចូលរួមរៀបចំអនាគតនៃវិស័យកសិកម្មនៅកម្ពុជា។

នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបញ្ចប់ទៅនៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក Ken Shimizu អនុតំណាងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) បានណែនាំអំពី «គំនិតផ្តួចផ្តើមយុវជនសកល» នៃវេទិកាស្បៀងអាហារពិភពលោក (World Food Forum - WFF) ដោយគូសបញ្ជាក់ពីឱកាសសម្រាប់យុវជនកម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញអន្តរជាតិ ការផ្លាស់ប្តូរចំណេះដឹង និងការចូលរួមចំណែកដល់ប្រព័ន្ធកសិ-ស្បៀងអាហារដែលមាននិរន្តរភាពជាងមុន។

នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីយុវជនកម្ពុជាពីររូប ដែលធ្លាប់បានចូលរួមក្នុងវេទិកាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដោយពួកគេបានចែករំលែកបទពិសោធន៍ មេរៀនដែលទទួលបាន និងគំនិតនានាសម្រាប់ការអនុវត្តចំណេះដឹងកម្រិតសកលនៅក្នុងបរិបទក្នុងស្រុក។

វាគ្មិនយុវជន កញ្ញា ម៉ាង សុនទៀ ជានិស្សិតថ្នាក់បណ្ឌិត នៃមហាវិទ្យាល័យពេទ្យសត្វ និងជាប្រធានក្លឹបនិស្សិត «សុខភាពតែមួយ» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងកញ្ញា ឈុំ សុវណ្ណមណីនេត ជានិស្សិតឆ្នាំទី ៤ នៃមហាវិទ្យាល័យពេទ្យសត្វ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានចែករំលែក បទពិសោធន៍ពីការទទួលបានចំណេះដឹងអន្តរជាតិ បណ្តាញយុវជន និងការផ្លាស់ប្តូរចំណេះដឹង អាចជួយជំរុញឱ្យមានវិធីសាស្ត្រថ្មីៗ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា។

តាមរយៈការតភ្ជាប់យុវជនកម្ពុជាទៅនឹងឱកាសនានានៅលើឆាកអន្តរជាតិ និងការលើកទឹកចិត្តឱ្យពួកគេនាំយកគំនិតថ្មីៗ ត្រឡប់មកមាតុភូមិវិញ គំនិតផ្តួចផ្តើមយុវជនសកលនៃវេទិកាស្បៀងអាហារពិភពលោក របស់ពួកគាត់បានគូសបញ្ជាក់ថា កំពុងជួយពង្រឹងការចូលរួមរបស់យុវជន ក្នុងការកសាងអនាគតនៃវិស័យកសិ-ស្បៀងអាហារ ដែលប្រកបដោយភាពច្នៃប្រឌិត បរិយាបន្ន និងភាពធន់ ៕
ដោយ ណយ នឿន (ប្រភព៖FAO)





