៣សប្ដាហ៍មកនេះមន្រ្តីអត្តសញ្ញាណកម្មបានផ្តល់សេវាជូនពលរដ្ឋចំនួន៦ម៉ឺនសេវានៅទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរូបនេះ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះ រួមមានលិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។
លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ឯកសារអត្តសញ្ញាណកម្មគឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





