មេបញ្ជាការយោធភូមិភាគទី៥ក្រើនរម្លឹកបណ្តាកងឯកភាពចំណុះឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវធានាការពារឱ្យបាននូវបូរណភាពទឹកដី និងទប់ស្កាត់ឱ្យបាននូវបទល្មើសផ្សេងៗ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និជាមេបញ្ជាការយោធភូមិភាគទី៥ បានក្រើនរម្លឹកដល់បណ្តាកងឯកភាពចំណុះទាំងអស់ ដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនោះ។ មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការ សេនាធិការរង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ៥២ ៥៣ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំង៤ កងការពារព្រំដែនគោកលេខ៥០១ ៥០២ ៥០៣ ៥០៤ កងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត នាយការិយាល័យទាំង១៨ សាលាពលទាហានទី៥ មន្ទីរពេទ្យ តំបន់អភិវឌ្ឍន៍ វរសេនាតូចទាំង៥ និងបណ្តាអង្គភាពចំណុះយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា ការសម្រេចបាននូវលទ្ធផលការងារល្អ គឺកើតចេញពីការរួមគ្នារបស់យោធិនយើងទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូននោះ។ ក្រៅពីការងារធានារក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងជាពិសេសការទទួលខុសត្រូវនៅតាមខ្សែបន្ទាត់ព្រំដែនរបស់ ទិសយោធភូមិភាគទី៥ កន្លងទៅ យោធភូមិភាគទី៥សម្រេចបានយ៉ាងល្អនូវការងារជាច្រើនដូចជា ការងារប្រជុំកិច្ចការព្រំដែន RBC កម្ពុជា-ថៃ ការងារការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ការងារប្រុងប្រៀបជួយសង្គ្រោះគ្រោះមហន្តរាយ ការងារប្រវត្តិសាស្ត្រយោធា ការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាផ្ទាល់របស់ ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ស្តីពីផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងនេសាទខុសច្បាប់ តំបន់បឹងទន្លេសាប និងការងារកសាងប្រៀបការពារជាតិជាដើម។ ឆ្លងតាមរយៈលទ្ធផលការងារដែលសម្រេចបានកន្លងមកនៅក្នុងឆ្នាំ២០២៤ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារថ្មីមួយចំនួនសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់គ្រប់បណ្តាអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនរៀនសូត្រតាមបណ្តាកងឯកភាព នូវយុទ្ធសាស្ត្រ យុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព និងមិនឱ្យមានការប្រើប្រាស់គ្រឿងញៀននៅក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងអង្គភាពយោធភូមិភាគទី៥។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់សម្ភារដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបានផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ លិខិតសរសើរ ជូនដល់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានស្នាដៃល្អផងដែរ៕
ដោយ ឈុន សារ៉ាត





