គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រួតពិនិត្យកិច្ចការងារ ប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ខែមីនា
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់មីនា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក,គ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខសង្គម ពិសេសបំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបីប្រភេទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គណៈអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការសាលាខេត្ត គណៈអភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង មេឃុំ ចៅសង្កាត់ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្តថា ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ដូចជាបញ្ហាក្មេងទំនើង បញ្ហាបទល្មើសធនធានធម្មជាតិ ពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងប៉ុនប៉ងវាយប្រហារភូមិគ្រឹះសម្ដេចតេជោហ៊ុន សែន តាមរយៈដ្រូន ដែលបញ្ហាទាំងនេះទាមទារឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានដាក់ចេញនូវទិសដៅ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក យកទៅអនុវត្តបន្ត ចំនួន១១ចំណុចធំៗ រួមមាន៖
ទី១-ត្រូវពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ
ទី២-ពិនិត្យតាមដាន និងទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន លួច ឆក់ ប្លង់ ចរាចរណ៍ ក្មេងទំនើង
ទី៣-ត្រួតពិនិត្យទីតាំងប្រកបអាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលបង្ហូរកាកសំណល់ បោះសំរាមពាសវាលពីកាល
ទី៤-បំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រប់កម្មវិធីទាំងអស់នៅមូលដ្ឋាន
ទី៥-ត្រូវពង្រឹង និងទប់ស្កាត់ ល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ឱ្យខាងតែបាន
ទី៦-ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
ទី៧-ពង្រឹងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសលើផ្ទៃទឹកបឹង ក៏ដូចជាបទល្មើសព្រៃឈើ បន្តកិច្ចការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព
ទី៨-រាល់ការតម្លើងឋាន្តរស័ក្តិ ផ្តល់មេដៃការងារ ឬតែងតាំងមន្ត្រី ត្រូវត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ
ទី៩-ត្រូវខិតខំណែនាំ និងបំផុសចលនា ថែរក្សាអនាម័យបរិស្ថាន ជូនប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា
ទី១០-រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដាន និងពន្លឿនការកែតម្រូវឯកសារសាធារណៈផ្សេងៗ ឱ្យបានទាន់សភាពការ
ទី១១-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ដោយត្រូវធ្វើឱ្យអស់លទ្ធភាព៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





