ជ្រោះពពុះពេជ្រចិន្ដាបង្អួតសម្រស់ត្រៀមទទួលភ្ញៀវទេសចរនាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
AKP បាត់ដំបង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- រដូវកាលដើរកម្សាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតចូលមកដល់ អាជ្ញាធរភូមិឃុំ និងអ្នកស្រុកអ្នកភូមិដែលប្រកបរបរបម្រើសេវាកម្មទេសចរណ៍ក៏ចាប់ផ្តើមរៀបចំរមណីយដ្ឋាននានាដើម្បីទទួលភ្ញៀវមកកម្សាន្ត។

ជ្រោះពពុះពេជ្រចិន្តាជារមណីយដ្ឋានធម្មជាតិមួយកន្លែងស្ថិតនៅក្នុងស្រុករតនមណ្ឌល មានទេសភាពព្រៃភ្នំខៀវស្រងាត់ ស្រស់ត្រកាល មានទឹកជ្រោះដែលហូរកាត់ថ្មដា បើទោះជានៅរដូវប្រាំងក៏ដោយ។ ជាមួយគ្នានេះក៏មានការលក់ដូរម្ហូបអាហារតាមបែបប្រពៃណីអ្នកស្រុកមានឱជារសឆ្ងាញ់តម្លៃសមរម្យ។ដោយសារតែស្រុកទេសកើតសង្គ្រាម និងក្រោយសង្គ្រាមពិបាកធ្វើដំណើរ និងឧបសគ្គគ្រាប់មីន ទើបបានជាពុំសូវមានមនុស្សទៅលេងនៅទីនេះ។ ក្រោយពេលសមាហរណកម្ម មានសន្តិភាពពេញលេញទើបមានមនុស្សម្នាទៅលេងមិនចេះដាច់។ ជ្រោះពពុះពេជ្រចិន្ដានេះគឺជាទីមនោរម្យតាំងពីយូរលង់ណាស់មកហើយព្រមទាំងលម្អ ដោយជួរភ្នំ ព្រៃព្រឹក្សាមានខ្សែទឹកហូរត្រជាក់ ដែលអាចធ្វើឱ្យភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្ត ហើយមានអារម្មណ៍ស្រស់ស្រាយ។

យើងអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅកាន់ខេត្តប៉ៃលិន ពេលទៅដល់ជិតពាក់កណ្ដាលផ្លូវ គឺមានផ្លូវបែកចូលទៅកាន់តំបន់រមណីយដ្ឋាននេះ ដែលស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង យើងបត់ចូលបន្តិចនឹងទៅដល់ទីតាំងដ៏ស្រស់ត្រកាលនេះជាមិនខាន។
លោក មុត វិច្ឆិកា មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានរៀបរាប់ថានេះជាលើកទី២ ហើយ ដែលលោករួមជាមួយមិត្តភក្តិ និងក្រុមគ្រួសារ បានមកកម្សាន្តនាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ដោយសារតែតំបន់នេះមានធម្មជាតិខៀវស្រងាត់ និងមានខ្យល់អាកាសដ៏បរិសុទ្ធ ថែមទាំងមានទឹកហូរកាត់ផ្ទាំងថ្មយ៉ាងស្រស់ស្អាតថែមទៀតផង។ ខ្សែទឹកហូរត្រជាក់ ទេសភាពព្រៃភ្នំ និងរសជាតិម្ហូបអាហារអាចទាក់ទាញអារម្មណ៍របស់លោក និងភ្ញៀវដទៃៗទៀតឱ្យចង់មកកម្សាន្តម្ដងហើយម្ដងទៀត។ តាមរយៈកំណើនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនារដូវបុណ្យទានដែលមកកម្សាន្តតំបន់នេះ ក៏អាចជួយបង្កើតជាមុខរបរជាច្រើនសម្រាប់អ្នកភូមិឃុំជុំវិញរមណីយដ្ឋានពពុះជ្រោះពេជ្រចិន្តានេះ។

អ្នកមីង ប៊ូ សាវ៉ុន រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលប្រកបរបរលក់មាន់ដុត បុកប្រហុកអង្ក្រងត្រីអាំងជ្រួកមមែង បុកអំពិលខ្ចីជាដើម បានប្រាប់ឱ្យដឹងថា ថ្ងៃសៅរ៍ អាទិត្យមានមនុស្សម្នា និងភ្ញៀវទេសចរច្រើនខ្លះមកពីប៉ៃលិន មកពីបាត់ដំបង មកពីភ្នំពេញក៏មាន គឺពួកគាត់មកងូតទឹកលេង ជិះទូកកម្សាន្ត ហើយពួកគាត់ទិញម្ហូបចំណីអង្គុយញ៉ាំក្រោមម្លប់ឈើ ឬតាមរោងប្របមាត់ទឹកក៏បាន។
បច្ចុប្បន្នគេឃើញបងប្អូនអាជីវករលក់ដូរសម្រាប់អ្នកទេសចរកំពុងខ្នះខ្នែងរៀបចំ គ្រែក្រោមម្លប់ឈើ កន្លែងចតរថយន្ត និងសម្អាតបរិស្ថាន សម្រួលផ្លូវជាដើម ដើម្បីត្រៀមទទួលអ្នកមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ៕
ដោយ សុផល





