ប៉ាគីស្ថានពង្រឹងសន្តិសុខ គោលនយោបាយទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ
AKP អ៊ីស្លាម៉ាបាដ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក មូហាំម៉ាដ ហ្វារុក រ៉ាហ្វីក (Muhammad Farrukh Rafiq) នាយកផ្នែកផ្សព្វផ្សាយក្រៅប្រទេសនៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ប្រទេសប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានអាស៊ានថា ប្រទេសប៉ាគីស្ថានកំពុងពង្រឹងវិធានការសន្តិសុខ និងដាក់ចេញនូវគោលនយោបាយទេសចរណ៍ថ្មី ដើម្បីផ្លាស់ប្តូរការយល់ឃើញជាសកល និងទាក់ទាញភ្ញៀវទេសចរបរទេស។

លោកបាននិយាយថា ជាច្រើនឆ្នាំមកនេះ ប្រទេសប៉ាគីស្ថានត្រូវបានផ្សារភ្ជាប់ជាមួយនឹងជម្លោះ ដោយសារតែភូមិសាស្ត្រនៅជិតប្រទេសអាហ្វហ្គានីស្ថានដែលជាតំបន់រងផលប៉ះពាល់ជាប្រវត្តិសាស្ត្រដោយសង្រ្គាមដែលពាក់ព័ន្ធនឹងមហាអំណាច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទិដ្ឋភាពសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថានមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដែលបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។

លោកបាននិយាយថា ជាមួយនឹងគោលបំណងនៃការទាក់ទាញភ្ញៀវទេសចរនេះ ប្រទេសប៉ាគីស្ថានបានដាក់ចេញនូវគោលនយោបាយទិដ្ឋាការដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស រួមទាំងទិដ្ឋាការពេលទៅដល់សម្រាប់ប្រទេសភាគច្រើន និងការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យទៅទស្សនាប្រទេសប៉ាគីស្ថានឱ្យបានកាន់តែច្រើនឡើង។ លោកបាននិយាយថា «រដ្ឋាភិបាលក៏កំពុងធ្វើការបណ្តាក់ទុនទ្រង់ទ្រាយធំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខផងដែរ ដើម្បីធ្វើឱ្យប្រទេសប៉ាគីស្ថានកាន់តែទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត»។


យោងតាមរូបលោក បានឱ្យដឹងថា ស្ថានភាពសន្តិសុខនៅក្នុងទីក្រុងធំៗគឺល្អខ្លាំងណាស់ ហើយប្រជាជនអាចធ្វើដំណើរដោយសេរី។ កាលពីឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសមានប្រហែល ៣០០.០០០នាក់បានទៅកម្សាន្តនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលអ្នកទេសចរក្នុងស្រុកមានជាង ១០លាននាក់ ដែលនេះជាការបង្ហាញអំពីកំណើនក្នុងវិស័យទេសចរណ៍របស់ប្រទេស៕
ដោយ៖ យា ចិន្តាខន្តី





