សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រជុំបូកសរុបលទ្ធផលការងារសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួមប្រមាណ៤៥០នាក់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រី ឱ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ រួមមានស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានានឹងឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាមួយគ្នានេះដែរ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែងជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពរបស់រដ្ឋ។ តាមរយៈ សកម្មភាពរបស់ស្ត្រីបានចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិបទបច្ចេកវិជ្ជាទំនើប ប្រែក្លាយខ្លួនជាសហគ្រិនភាព ឫបុគ្គលិកឆ្នើមក្នុងស្ថាប័នឯកជន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួម និងបានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព ដោយបានលើកឡើងអំពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកជំទាវ ហេង សំអាន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំនៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា៕


ដោយ សួស សំរិត





