មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកោតសរសើរអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរ គុណ និងកោតសរសើរចំពោះអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដែលបានបំពេញបេសកកម្ម របស់ខ្លួនយ៉ាងល្អក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាព និងសមត្ថភាព រួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងអំណរគុណ និងកោតសរសើររបស់ឯកឧត្តមបណ្ឌិត សោម រតនា ដូចនេះធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូននិស្សិតអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដែលបានបញ្ចប់ការសិក្សារយៈពេល២ឆ្នាំលើមុខជំនាញព័ត៌មានវិទ្យា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗក្នុងថ្ងៃនេះ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការខិតខំប្រឹងប្រែង និងការលះបង់របស់ឪពុកម្ដាយ និងអាណាព្យាបាល ដោយទាំងនេះគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ហើយថា ពិតណាស់ សម្រាប់គ្រួសារមួយចំនួន ការចំណាយលើការអប់រំរបស់កូនបានបង្កប់នូវភាពជូរចត់ ប៉ុន្តែលទ្ធផលពិតជាផ្អែមល្ហែម។


ឯកឧត្តមបានបន្ថែមថា ការវិនិយោគលើអ្វីផ្សេងអាចប្រឈមនឹងការខាតបង់ ខុសពីការវិនិយោគលើការអប់រំ ព្រោះវាគឺជាការកសាង និងត្រួសត្រាយផ្លូវដល់អនាគតប្អូនៗឱ្យភ្លឺត្រចះត្រចង់ ខណៈដែលការអប់រំ គឺជាការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ជាកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ចង់ឱ្យប្រទេសជាតិមួយរីកចម្រើនផ្នែកបច្ចេកវិទ្យា គឺត្រូវមានធនធានមនុស្សដែលមានជំនាញផ្នែកបច្ចេកវិទ្យា ជាក់ស្ដែងដូចជាប្អូនៗដែលទទួលវិញ្ញាបនបត្រនាពេលនេះជាដើម។
ឯកឧត្តមបានលើកទឹកចិត្តដល់និស្សិតឱ្យបន្តការរៀនសូត្រអភិវឌ្ឍខ្លួនជាប់ជាប្រចាំ និងស្នើដល់អាណាព្យាបាលគ្រប់រូបឱ្យបន្តជំរុញ និងគាំទ្រក្នុងការសិក្សារបស់កូនៗ ដោយមានតិច ឱ្យរៀនតាមតិច ប៉ុន្តែត្រូវតែឱ្យរៀន ហើយក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្ដល់ការគាំទ្រដល់អង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដោយក្នុងនោះក្រសួងអប់រំក៏នឹងបន្តគាំទ្រ ដើម្បីឱ្យអង្គការមួយនេះអាចសម្រេចបេសកកម្មរបស់ខ្លួនបន្តទៀត។


គួរបញ្ជាក់ថា អង្គការប៉ាសឺរែលនុយមេនិកកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំណេញ មានបេសកកម្មផ្ដល់ការអប់រំកម្រិតឧត្តមសិក្សា ជាពិសេសថ្នាក់បរិញ្ញាបត្ររងជំនាញព័ត៌មានវិទ្យាដល់និស្សិតក្រីក្រមកពីបណ្ដារាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





