កិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី»
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដែលការរៀបចំគន្លងអប់រំថ្មីនេះជាការឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការតម្រង់ទិសតាំងពីកម្រិតបឋមសិក្សានឹងជួយកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស ហើយថែមទាំងជួយសិស្សឱ្យត្រៀមខ្លួនបានល្អប្រសើរ ដើម្បីឈោងចាប់ជំនាញដែលខ្លួនស្រលាញ់ផងដែរ។

កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ដោយបានប្រមូលធាតុចូលសំខាន់ៗជាច្រើនដូចជា ការពង្រីកកម្មវិធីតម្រង់ទិសនៅកម្រិតមធ្យមសិក្សាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការពិគ្រោះយោបល់នៅតាមសាលារៀន ដើម្បីទទួលបានការគាំទ្រពី មាតា បិតា អាណាព្យាបាលសិស្ស ការរៀបចំទ្បើងវិញស្តង់ដាកម្មវិធីសិក្សា ជាពិសេស ការផ្ដោតបន្ថែមទៀតលើការគិតលំដាប់ខ្ពស់ និងផ្ដល់ពេលវេលាដោះស្រាយបញ្ហា/លំហាត់ ការរៀបចំការបង្រៀន និងរៀនផ្អែកលើប្រធានបទនៅតាមកម្រិតថ្នាក់នីមួយៗ ការផ្សាភ្ជាប់កម្មវិធីសិក្សាទៅនឹងបញ្ហាសង្គមនានា និងបញ្ហាពិភពលោក ការអនុវត្តតាមយុទ្ធសាស្ត្រផ្ការីកចាប់ផ្តើមពីប៉ូលសេដ្ឋកិច្ចសំខាន់ៗដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការជំនាញនៅតាមប៉ូលសំខាន់ៗ ផ្តល់ភាពទន់ភ្លន់ក្នុងការផ្ទេរពីគន្លងអប់រំមួយទៅគន្លងអប់រំមួយទៀត ដោយភ្ជាប់លក្ខខណ្ឌ និងការអនុវត្តសាកល្បងមុននឹងអនុវត្តពេញលេញទូទាំងប្រទេស។


ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកវត្តមានរបស់ឯកឧត្តមររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ថាបានចូលរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់ ក្នុងការរៀបចំចងក្រងឯកសារទស្សនទានគន្លងអប់រំនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យមានការពិនិត្យ និងរៀបចំឡើងវិញនូវគន្លងអប់រំថ្មី មានលក្ខណៈបត់បែន និងទំនាក់ទំនងរវាងប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសដើម្បីរៀបចំថ្នាលបណ្តុះមូលធនមនុស្សប្រកបដោយសមត្ថភាព ឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនាញក្នុងបរិបទសង្គមសេដ្ឋកិច្ចឌីជីថល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





