ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុងពិធីជួបជុំអតីតសិស្សនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំអតីតសិស្សនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Programme Alumni Night) ដែលជាពិធីជួបជុំលើកទី១ របស់អតីតសិស្សនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អតីតសិស្សនិស្សិត លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាស្ថាប័នពាក់ព័ន្ធនានា។


ពិធីជួបជុំនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ ជាពិសេសអតីតសិស្សនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ រំលឹកអំពីបទពិសោធន៍នានា និងបង្កើតទំនាក់ទំនងថ្មីដែលអាចរួមចំណែកដល់កិច្ចសហការនាពេលអនាគត។ ពិធីនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដោយបានបញ្ជាក់ពីការចូលរួមយកចិត្តទុកដាក់របស់ភាគីទាំងពីរក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយគាំទ្រដល់វិស័យអភិវឌ្ឍន៍សំខាន់ៗ ដូចជាវិស័យអប់រំជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





