កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងថ្នាលអភិវឌ្ឍន៍សមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងថ្នាលអភិវឌ្ឍន៍សមត្ថភាព កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងថ្នាលអភិវឌ្ឍន៍សមត្ថភាព ដោយមានការចូលរួមពីលោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមាជិកគណៈកម្មការគ្រប់គ្រង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង រៀបចំផែនការយុទ្ធសាស្ត្រអភិបាលកិច្ចថ្នាលអភិវឌ្ឍន៍សមត្ថភាព តាមរយៈការប្រមូលធាតុចូលពីសមាជិកគណៈកម្មការគ្រប់គ្រងថ្នាល ដើម្បីផ្ដល់នូវក្របខ័ណ្ឌជាក់លាក់សម្រាប់ការប្រតិបត្តិគ្រប់គ្រងថ្នាលអភិវឌ្ឍន៍សមត្ថភាព ក្នុងគោលបំណងធានាឱ្យបាននូវនិរន្តរភាព និងអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន គ្រូឧទ្ទេស បុគ្គលិកអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបជូនថា ថ្នាលអភិវឌ្ឍន៍សមត្ថភាពគឹជាគំនិតផ្ដួចផ្ដើមដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រគោលនយោបាយការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដើម្បីឈានទៅរកការសម្រេចគោលដៅពង្រឹងគុណភាពអប់រំនៅកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





