ពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១៣ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១៣ ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅបរិវេនសម្តេចសង្ឃរាជ ជួន ណាត ។


លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីដំណើរការនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ លើកទី១៣ ឆ្នាំ២០២៥ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ សកម្មភាពពិព័រពាណិជ្ជកម្មនៅខេត្តកំពង់ស្ពឺ បានចំនួន១៣លើកក្នុងនោះ ចូលរួមជាមួយក្រសួងពាណិជ្ជកម្ម១លើក រៀបចំដោយរដ្ឋបាលខេត្ត៣លើក ដោយវិស័យឯកជន៦លើក សហគមន៍៣លើក មានអ្នកទស្សនាចំនួន៧១៥,២០០នាក់ ចំណូលពីការលក់សរុប ៧,៦៨២,៩៣៧ដុល្លារ ។ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានធ្វើជាអ្នកនាំមុខក្នុងការរៀបចំ ដំណើរការពិព័រណ៍រយៈពេល៥ថ្ងៃនេះ ដោយមានក្រុមហ៊ុន សហគ្រាស សិប្បករ អាជីវករ សេវាករ សមាគម សហគមន៍ចូលរួមសរុបចំនួន១៣៥ ស្តង់ក្នុងនោះ ៖ ក្រុមហ៊ុន សហគ្រាស សមាគម សហគមន៍ សិប្បករ អាជីវករ សេវាករក្នុងខេត្តកំពង់ស្ពឺចំនួន៥៤ស្តង់ និងមានស្តង់រួម១ទំហំ ៨មគុណ១០ម ក៏មានការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត រាជធានី និងក្រុមហ៊ុន សហគ្រាស សិប្បកម្ម សមាគម សហគមន៍ សិប្បករ អាជីវករ សេវាករ មកពីក្រៅខេត្តចំនួន ៧០ស្តង់ រួមមាន៖ ផលិតផលទំនិញ ជាគ្រឿងសំណង់ សង្ហារឹម ស្រូវ អង្គរ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ វត្ថុអនុស្សាវរីយ៍ គ្រឿងក្រអូប សំលៀកបំពាក់ និងស្បែកជើង រីឯសេវា កម្ម មាន៖ ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងរមណីដ្ឋាននានា។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានកោត្តសរសើរដល់មន្ទីរពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍សម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១៣ ឆ្នាំ២០២៥ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានអំពី ឱកាសទីផ្សារថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ព័ត៌មានថ្មីៗ និងស្វែងរកដៃគូសហការក្នុងការធ្វើ អាជីវកម្មជាពិសេសការផ្តល់យុទ្ធសាស្ត្រក្នុងការធ្វើពាណិជ្ជកម្មការកែច្នៃ ការវេចខ្ចប់ ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងតែមានការរីកចម្រើនលើសាកលលោក ហើយពិព័ណ៍ផលិតផល គឺជាការបង្កើនឲ្យមានបរិយាកាសពាណិជ្ជកម្មដល់អាជីវករសេវាករពាណិជ្ជករ ក្នុងមូលដ្ឋានរវាងកំពង់ស្ពឺ និងខេត្តទាំងអស់ក្នុងប្រទេសជំរុញវិស័យពាណិជ្ជកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ធ្វើសកម្មភាពរវាងខេត្ត និង ខេត្តឲ្យមានភាពរស់រវើកមានសម្ព័ន្ធភាពល្អនឹងគ្នា បង្កើនឲ្យមានសកម្មភាពពាណិជ្ជកម្ម លើវិស័យកសិកម្មក សិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។

ឯកឧត្តមបានបន្តថា រាល់សមិទ្ធិផលដែលកើតមានជាបន្តបន្ទាប់នេះ ពិតជាមិនអាចបំភ្លេចបាននូវកត្តា សន្តិភាព ក្រោមការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានភាពឈ្លាសវៃ និងស្វាហាប់ បានធ្វើឱ្យប្រជាជាតិមានការរីកចម្រើន និងមានស្ថេរភាពសង្គមល្អប្រសើរ។នេះជាជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ របស់រាជរដ្ឋាភិបាល ដែលប្រកានខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំង ការអនុវត្តការកែរទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូរអភិវឌ្ឍ និងតួរអង្គពាក់ព័ន្ធ ក៏ដូចជា ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ជាន់ថ្នាក់។

ឯកឧត្តមបានបន្តទៀតថា ការតាំងពិព័ណ៍ពាណិជ្ជកម្មនេះក៏ជាការបង្កើតឱ្យមានឱកាសនាំចេញនៅនឹងកន្លែង តាមរយៈអ្នកផ្គត់ផ្គង់ដល់អ្នកទេសចរ និងអ្នកប្រើប្រាស់ជាពិសេសជំរុញឲ្យបណ្តាខេត្តទាំងអស់ បានចូលរួមប្រាស្រ័យផ្លាស់ប្តូរគំនិតគ្នា និងបង្ហាញពីផលិតផលរបស់ខ្លួនសំដៅលើការផ្លាស់ប្តូរទំនិញ រវាងខេត្ត និងខេត្តពង្រឹងពាណិជ្ជកម្ម នៅក្នុងខេត្តឲ្យបានកាន់តែមានភាពទូលំទូលាយផ្នែកសេដ្ឋកិច្ចបង្កើតឱកាសឲ្យប្រជាជនអ្នកផលិតក្នុងខេត្តក្នុងប្រទេសឲ្យបានទទួលនូវចំណេះដឹង និងរៀនសូត្រ នៅព័ត៌មានថ្មីៗបង្កើននូវសតិបញ្ញាថ្មីមួយស្តីពីបច្ចេកទេសផលិតផល ការអភិវឌ្ឍផលិតផល និងទីផ្សារការអភិវឌ្ឍផលិតផលរបស់ខេត្តនានាក៏ដូចជាផលិតផលពីបរទេស ក្នុងន័យផ្លាស់ប្តូរព័ត៌មាន ពាណិជ្ជកម្មរវាងគ្នានឹងគ្នាបង្កើតទីផ្សារផ្គត់ផ្គង់ និងប្រើប្រាស់ជាក់ស្តែងផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





