សាខាកាកបាទក្រហមខេត្តកំពង់ធំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥
AKP កំពង់ធំ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូររវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជនដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ" និងជាការគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ សមាជិកគណៈកម្មាធិការសាខាមន្ត្រីប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាយុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ និងស្រ្តីមានផ្ទៃពោះនៅមណ្ឌលសុខភាពមានជ័យឃុំមានជ័យ ស្រុកសណ្តាន់ និងមណ្ឌលសុខភាពសំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនសរុប៤២នាក់។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារដែលជានិច្ចកាលតែងតែគិតដល់សុខទុក្ខបងប្អូនជនរួមជាតិ។


ជាមួយគ្នានេះដែរ លោកស្រីបានពាំនាំនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះបងប្អូនជនរួមជាតិក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះ កូនតូច និងជនពិការភាពក្នុងការយកសម្ភារទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ សូមចូលរួមថែរក្សាសុខភាពឱ្យបានគ្រប់ៗគ្នា ប្រសិនជាមានបញ្ហាទៅលើសុខភាពសូមមកពិនិត្យនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះបងប្អូន។


ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូនដល់ស្រ្តីមានផ្ទៃពោះស្រ្តីមានកូនតូច និងជនមានពិការភាពចំនួន៤២នាក់ ក្នុងម្នាក់ទទួលបានអង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរទឹកស៊ីអីវ០១យួរ ឈុតមួក ស្រោមដៃ ស្រោមជើង០១គូ មុងទារក០១ កន្សែង០១ ម្សៅហុយ០១ដប សារុង០១ និងថវិកាចំនួន៥ម៉ឺនរៀល។ ចំពោះជនមានពិការភាពដោយសារគ្រោះថ្នាក់គ្រាប់មីនទទួលបានអង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ ស៊ុម វណ្ណា





