ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការថ្មីរបស់ស.ស.យ.កស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការថ្មីរបស់ស.ស.យ.ក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកសមាជិកា ស.ស.យ.កស្រុកសរុបប្រមាណជាង ៣០០នាក់។


ថ្លែងក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងការអបអរចំពោះសមិទ្ធផលដែលស.ស.យ.កស្រុកប្រាសាទសំបូរសម្រេចបាននៅពេលនេះ គឺអគារទីស្នាក់ការរបស់ស.ស.យ.កស្រុកមានទំហំ១០ម៉ែត្រគុណ១០,៨ម៉ែត្រ ដែលជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់សម្រាប់យុវជនក្នុងការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជនគ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការរៀបចំពិធីសំណេះសំណាលនេះម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.កដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការចូលរួមថែរក្សាបន្តកសាងអភិវឌ្ឍនិងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគត៕

ដោយ ស៊ុម វណ្ណា





