ឯកឧត្តម គួច ចំរើន ស្នើដល់ទីចាត់ការធនធានមនុស្សខេត្ត ត្រូវពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុនដំឡើងថ្នាក់មន្ត្រីរាជការ
AKP កណ្ដាល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់ទីចាត់ការធនធានមនុស្សខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត ត្រូវជួយពិនិត្យ និងផ្ដល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការតែងតាំង ដំឡើងថ្នាក់ ឬផ្លាស់ប្ដូរមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ទីចាត់ការចំណុះសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយទំនាស់របស់ខេត្តទាំង៥ក្រុម និងទីចាត់ការអន្តរវិស័យខេត្ត ត្រូវពន្លឿន និងខិតខំដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ទាំងវិវាទដីធ្លី និងវិវាទផ្សេងៗតាមបណ្ដាក្រុង ស្រុកទាំង១៣ទៅតាមទំហំនៃទំនាស់ ត្រូវខិតខំធ្វើយ៉ាងណារួមគ្នាសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ព្រោះជាកង្វល់របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញដល់ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា រាល់គម្រោងទាំងអស់របស់ខេត្តត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ដោយផ្ដោតសំខាន់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសចំពោះផ្លូវបេតុង ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យទៅលើសសៃដែក និងគុណភាពរបស់បេតុង ដើម្បីប្រាកដថាមានគុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់បានយូអង្វែង។

សូមបញ្ជាក់ផងដែរថា បើយោងទៅតាមរបាយការណ៍វឌ្ឍនភាពគម្រោងវិនិយោគខេត្តឆ្នាំ២០២៥ ប្រចាំខែមករា បានបង្ហាញថា សម្រាប់រដ្ឋបាលក្រុង ស្រុក ផ្នែកសេដ្ឋកិច្ចមាន ១៨គម្រោង ផ្នែកសង្គមកិច្ចមាន ៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនិងការប្រែប្រួលអាកាសធាតុមាន ១៣គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់មាន ១គម្រោង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





