លោកជំទាវ ញ៉ែម មរកត ៖ សហព័ន្ធកីឡារាំស្វែងរកដៃគូឧបត្ថម្ភ ដើម្បីកិច្ចសហការក្នុងស្មារតីកិត្យានុភាព ឧត្តមភាពកីឡាជាតិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥--បច្ចុប្បន្ននេះសហព័ន្ធកីឡារាំកម្ពុជាកំពុងស្វែងរកដៃគូឧបត្ថម្ភបន្ថែម សម្រាប់ការអភិវឌ្ឍកីឡារាំឱ្យកាន់តែមានគុណផលកាន់តែល្អប្រសើរ ក្នុងន័យទទួលបាននូវកិច្ចសហការក្នុងស្មារតីកីឡាជាតិ ក្នុងគោលដៅតែមួយ គឺស្វែងរកកិត្តិយស កិត្យានុភាពជាតិ និងឧត្តមភាពកីឡាជាតិ ក្រោមប្រធានបទ កីឡានាំមកនូវសន្តិភាព និងអភិវឌ្ឍ។
នេះជាការលើកឡើងរបស់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅក្នុងឱកាសបិទការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ក្រោមអធិបតីលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការស្តីទី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

លោកជំទាវគូសបញ្ជាក់ថា ការរៀបចំប្រកួតនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិនានា នៅពេលខាងមុខ និងការផ្សព្វផ្សាយដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ដើម្បីបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។ តាមរយៈ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ នឹងផ្តល់ឱកាសដល់យុវជន យុវនារី ដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ឱ្យក្លាយជាកីឡាករ កីឡាការិនីជាតិរបស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពីសហព័ន្ធជាតិ និងអន្តរជាតិ។ ការប្រកួតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងប្រកបដោយភាពស្រស់ស្អាត សប្បាយរីករាយ មិត្តភាព និងសុវត្ថិភាព ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើន។

ជាការកត់សម្គាល់បន្ថែម លោកជំទាវ ញ៉ែម មរកត ក៏បានបង្ហាញការភ្ញាក់ផ្អើលចំពោះគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីរាំចូលរួមទាំងអស់ថា មានការីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំថ្មីនេះ ជាពិសេសលើកីឡាករ កីឡាការិនីវ័យក្មេង ដែលចម្រើនវ័យកាន់តែធំ កាន់តែស្រស់ស្អាតជាមួយនឹងការបង្ហាញក្បាច់រាំកម្រិតអន្តរជាតិតាមវិញ្ញាសានីមួយៗបានយ៉ាងល្អប្រសើរផងដែរ។


ជាមួយគ្នានេះ ប្រធានសហព័ន្ធកីឡារាំក៏បានអំណរគុណយ៉ាងជ្រាលជ្រៅលោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានឧបត្ថម្ភចំនួន ៥លានរៀលដល់សហព័ន្ធកីឡារាំកម្ពុជា។ ក្នុងនោះដែរ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងកម្លាំងកាយចិត្តពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូសហការឧបត្ថម្ភ ក្នុងនោះមានក្រុមហ៊ុនវេសឡាញន៍គ្រុប ធនាគារ អេស៊ីលីដា ក្រុមហ៊ុនមេនូឡាយហ៍ខេមបូឌា ព្រមទាំងពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយស ទីប្រឹក្សា លោកគ្រូ អ្នកគ្រូ និងក្រុមគណៈកម្មការទាំងអស់នៃសហព័ន្ធកីឡារាំកម្ពុជា៕
ដោយ ហេង ណាលីន





