ដំណើរទស្សនកិច្ចឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តោតសំខាន់ចំពោះការការពារ និងការអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការពារព្រៃឈើ ដោយឯកឧត្តមបានសង្កត់ធ្ងន់លើការបន្ថែមឧបករណ៍ដ្រូនឱ្យជួយល្បាតព្រៃ ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការងារល្បាតរបស់មន្រ្តីឧទ្យានុរក្ស ហើយការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានផ្តល់ព័ត៌មានលំអិត រហ័សអំពីស្ថានភាពព្រៃឈើបានលឿនទាន់សភាពការណ៍ផងដែរ។


សូមជម្រាបជូនថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាលជាមួយក្រុមការងារមូលនិធិ ម៉ាកក្សចូលីភីត (MJP) និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងខេត្តបៃលិន បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីបានចុះពិនិត្យចំការឈើក្នុងបរិវេណស្នាក់ការមូលនិធិ ម៉ាកក្សចូលីភីត (MJP) នៅភូមិសាស្រ្តទឹកធ្លាក់បឡាង ថ្នាលបណ្តុះកូនឈើ និងកន្លែងផលិតឃ្មុំពូជ រួមទាំងស្ថានីយ៍បន្សុទ្ធទឹករបស់ក្រសួងបរិស្ថាន៕


ដោយ៖ គង់ សិរីរ័ត្ន,ប្រភព៖ ក្រសួងបរិស្ថាន





