រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការដ្ឋានដាក់លូប្រអប់ខ្នាតធំ ដើម្បីរំដោះទឹកជំនន់នៅភាគខាងត្បូង និងខាងកើតនារដូវវស្សានៅរាជធានី
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ទំហំ២ម៉ែត្រកន្លះ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដោយសម្រេចលទ្ធផលបានជិត៤០ភាគរយហើយ ដើម្បីរំដោះទឹកជំនន់នៅភាគខាងត្បូង និងខាងកើតនារដូវវស្សានៅរាជធានី។

ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ២.៥ម៉ែត្រ x ២.៥ម៉ែត្រ ចំនួន២ខ្សែ មានប្រវែងជាង១០០០ម៉ែត្រនៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ធផលបានជិត៤០ភាគរយហើយនៃគម្រោង ពោលគឺការដាក់លូប្រអប់បានប្រវែង៤៣០ម៉ែត្រហើយ។

ពាក់ព័ន្ធការងារនេះ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រចំនួន២ខ្សែ ប្រវែង១១០៥ម៉ែត្រនៅផ្លូវលេខ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ធផលដាក់លូបានប្រវែង៤៣០ម៉ែត្រ ស្មើនឹង៣៩%នៃគម្រោងហើយ។

លោកស្រីបានបន្តថា គម្រោងនេះនឹងពង្វាងទឹកជំនន់ពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តកាលពីខែមិថុនា ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕
ដោយ សួស សំរិត





