ប្រធានមន្ទីរកសិកម្ម៖ វិស័យកសិកម្មខេត្តកំពង់ចាមបានរួមចំណែកប្រមាណ៣៩,៥%នៃសេដ្ឋកិច្ចខេត្ត
AKP កំពង់ចាម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលអានដោយលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ បានលើកឡើងថា កសិកម្មខេត្តកំពង់ចាមបានរួមចំណែកប្រមាណ៣៩,៥%នៃសេដ្ឋកិច្ចខេត្ត ដែលមានទំហំទឹកប្រាក់១០ ៥០,៩លានដុល្លានៅឆ្នាំ២០២៤ និងមានកំណើនប្រមាណ៤.៩% ធៀបនឹងឆ្នាំ២០២៣។

លោកប្រធានមន្ទីរបានបង្ហាញថា អនុវិស័យដំណាំដែលចូលរួមធំជាងគេនៅក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់២២.៧% ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មជាង១,៦លានតោន កើនឡើងប្រមាណ ២៣ពាន់តោន ធៀបទៅនឹងឆ្នាំ២០២៣។ ចំពោះអនុវិស័យនានា ដូចជាវិស័យចិញ្ចឹមសត្វ វិស័យជលផលនិងព្រៃឈើក៏បានរួមចំណែកប្រមាណជាង១៧%ផងដែរ។ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន៦៧៧ ៥៩១តោន ដែលធានាបានសន្តិសុខស្បៀងក្នុងខេត្ត និងមានអតិរេក ៣៦២ ២៧២តោនស្រូវ សម្រាប់ការនាំចេញ។ ផលិតកម្មបន្លែសម្រេចបាន២០៥ ១០៣តោន ដែលអាចផ្គត់ផ្គង់តម្រូវការហូបចុកក្នុងខេត្ត និងមានអតិរេកប្រមាណ១៤៩ ១៦៩៩តោន សម្រាប់ការនាំចេញ។ ចំពោះសត្វ អនុវិស័យផលិតកម្មសាច់ប្រមាណ៥៣ ៥៣៨តោន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងមានអតិរេកប្រមាណ៣៤ ៧២៤តោន សម្រាប់នាំចេញ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានបន្ថែមទៀតថា ក្នុងឆ្នាំ២០២៤ ដំណាំស្រូវសរុបសម្រេចបាន១៨១ ៤៤១ហិកតា ក្នុងនោះស្រូវរដូវវស្សាអនុវត្តបាន១១៩៧៣៤ហិកតា ស្មើ១៣៨.៤២% នៃផែនការដាំដុះ៤៦ ៥០០ហិកតា។ ស្រូវរដូវប្រាំងអនុវត្តបាន៦១ ៧០៧ហិកតា ស្មើ១៤៦,៩២% នៃផែនការដាំដុះ៤២០០០ហិកតា។ ចំពោះដំណាំរួមផ្សំរយៈពេលខ្លីសម្រេចបាន ជាង១១១៩០០ហិកតា ក្នុងនោះដំណាំរួមផ្សំរដូវវស្សាអនុវត្តបាន៥៤៨៤៦ហិកតា ស្មើ ១១០.៣៣% នៃផែនការដាំដុះ៤៩៧១០ហិកតា និងដំណាំរួមផ្សំរដូវប្រាំងអនុវត្តបាន៦៦ ០៦៧ ហិកតា ស្មើ១១០,៦៤% នៃផែនការដាំដុះ៥៩៧១០ហិតា។ ដោយឡែក វិស័យចិញ្ចឹមសត្វមានគោក្របីសរុប ២១៦ ៦០២ក្បាល (ក្នុងនោះ ក្របី ២៧ ៣៣៥ក្បាល) ជ្រូក ១៦៣ ៦៧៣ ក្បាល និង មាន់ទា ២ ៧៤០ ២៧៥ក្បាល (ក្នុងនោះទា ៧១៤ ៨៣៩ក្បាល៕

ដោយ ឆាយ ម៉ុត





