សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ
AKP កណ្ដាល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក និងកុមារ និងយុវវ័យ» ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង ស្រុក សមាជិកសមាជិកាក្រុមការងារឥស្សរជនឆ្នើមសាខា និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ២ឆ្នាំ ចំនួន២២៧នាក់ មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការងារឥស្សរឆ្នើមគឺជាការងារដ៏មានសារសំខាន់បំផុត ដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក និងកុមារ និងយុវវ័យរបស់បងប្អូនអ្នករស់នៅតាមសហគមន៍។ ដូចនេះនៅឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលដែលមានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នឹងយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង៦ចំណុចដែលមានចែងនៅក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងយុវជន។ គោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) គឺកម្មវិធីជំនួយសង្គមកំពុងអនុវត្តមានចំនួន៥រួមមាន៖ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ជនមានពិការភាព អ្នកមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និង កម្មវិធីផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវចំពោះស្ថាប័នពាក់ព័ន្ធទាំងឡាយ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលផ្តល់សេវាសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប ។ ល។ ដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ រួមគ្នាអនុវត្តតាមវិធានការគន្លឹះទាំង៦ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងយុវជន។ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំឱ្យបានត្រឹមត្រូវ តាមកាលកំណត់ ដើម្បីសុខភាពទាំងម្តាយ និង ទារក ព្រមទាំងដើម្បីសុខភាពកុមារតូចៗ ដែលជាទំពាំងស្នងឬស្សីទៅអនាគត និងដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋានក៏ដូចជាសង្គមយើងដែរ។ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ ជនរងហានិភ័យនានាឱ្យបានច្បាស់លាស់ និងកំណត់មុខសញ្ញាផ្តល់ជូនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងលិខិតបទដ្ឋាននានា។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន បន្តយកចិត្តទុកដាក់ តាមដានសុខភាពខ្លួនឯង និងកូនតូច កុមារ ឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។

សូមជម្រាបជូនថា សម្ភារ និងថវិកាដែលសាខាបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ២ឆ្នាំ ចំនួន២២៧នាក់ មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស និងថវិកាចំនួន៥ម៉ឺនរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





