ខេត្តបន្ទាយមានជ័យរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--
មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានសហការជាមួយរដ្ឋបាលខេត្ត បើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលហូកាប្រចាំខេត្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញ ការិយាល័យជួរមុខ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមវត្តមានលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សិស្សនិស្សិតជាច្រើននាក់។

ក្នុងឱកាសនោះ លោក ប្រាក់ ប៉ូលី បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលប្រចាំខេត្ត លើមុខជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ ឆុងកាហ្វេ និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ អមដោយពិធីប្រគល់ វិញ្ញាបនបត្រដល់សិក្ខាកាម ជំនាញ “ការិយាល័យជួរមុខ” ចំនួន១៤រូប នៅខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាការល្អប្រសើរណាស់ ព្រោះខេត្តបន្ទាយមានជ័យ យើងមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមួយយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើរចេញ ចូល តាមផ្លូវគោក របស់អ្នកទេសចរ មកពីគ្រប់ទ្វីបលើពិភពលោកយើងនេះ។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះគឺមានសារៈសំខាន់ណាស់ ចំពោះយើងទាំងអស់គ្នា និងផ្តល់នូវចំណេះដឹងបន្ត ពិសេសដល់អ្នកបម្រើការងារក្នុងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ដើម្បីសម្របខ្លួនជាអ្នកបម្រើភ្ញៀវទេសចរបានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ។ យើងម្នាក់ៗក៏ត្រូវចងចាំជានិច្ចថា ទេសចរណ៍កម្ពុជា ជាទេសចរណ៍ វប្បធម៌ និងធម្មជាតិ” មិនមែនជាទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាតនូវការជួញដូរ និងកេងប្រវ័ញផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សតាមគ្រប់រូបភាព ដែលទាក់ទងនឹងវិស័យទេសចរណ៍។

ជាមួយគ្នានោះដែរ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្ត រួមមាន ភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍។ គោលដៅយុទ្ធសាស្ត្រទាំងនេះមានសរសរស្ដម្ភយុទ្ធសាស្ត្រនោះបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរ និងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិតនិងភាពជាខ្មែរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រ និងប្រជាជនខ្មែរភាពជាខ្មែរ និងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដាមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។ បង្កើនការអភិវឌ្ឍធនធានគោលដៅទេសចរណ៍អភិវឌ្ឍន៍តំបន់ទេសចរណ៍ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍ជាដើម៕
ដោយ ឈុន សារ៉ាត





