អ្នកការទូតកំពូលរុស្ស៊ី និងចិន យល់ព្រមជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសើហ្គេយ ឡាវរ៉ូវ (Sergey Lavrov) និងសមភាគីចិន លោក វ៉ាង យី (Wang Yi) បានយល់ព្រមជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ។
លោក ឡាវរ៉ូវ បាននិយាយក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីចិននៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រុម G20 នៅប្រទេសអាហ្វ្រិកខាងត្បូងថា «យើងបានយល់ព្រមលើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ។ ដូច្នេះទំនាក់ទំនងបន្ទាប់របស់យើងនឹងមានរួចហើយនៅក្នុងប្រទេសរុស្ស៊ី»។ លោកបានចង្អុលបង្ហាញថា ការចាប់ផ្ដើមឆ្នាំថ្មី គឺមានផ្លែផ្កាខ្លាំងណាស់សម្រាប់ទំនាក់ទំនងរុស្ស៊ី-ចិន។
អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បាននិយាយថា «គ្មានការងឿងឆ្ងល់ទេថាការងារបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ នឹងផ្តល់លទ្ធផលដោយពឹងផ្អែកលើភារកិច្ចដែលបានកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) រួមទាំងទំនាក់ទំនងក្នុងពេលចូលឆ្នាំថ្មីដ៏ស៊ីជម្រៅនាពេលថ្មីៗនេះ។ លោកបានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង «បានក្លាយទៅជាកត្តាដ៏សំខាន់ក្នុងការធ្វើឱ្យស្ថានការណ៍អន្តរជាតិមានស្ថិរភាពនិងការពារវាកុំឱ្យឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាទាំងស្រុង»។
លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា «ទំនាក់ទំនងជាយុទ្ធសាស្រ្តរបស់យើងនឹងពង្រីកដល់ការងារនៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៅក្នុងអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ នៅក្នុងចំណោមប្រទេសប្រ៊ីកស៍ (BRICS) នៅអាស៊ាន និងជាការពិតណាស់នៅក្នុងក្រុម G20 ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គោលការណ៍ពហុភាគី និងធ្វើឱ្យសហការីយើងប្រើប្រាស់ក្នុងការងារដ៏ស្មោះត្រង់ យុត្តិធម៌ តុល្យភាព និងការគោរពគ្នាទៅវិញទៅមក»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





