ជប៉ុន និងហ្វីលីពីន គ្រោងបង្កើតក្របខណ្ឌនាំចេញឧបករណ៍ការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- កាសែតជប៉ុន Yomiuri បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនថា ប្រទេសជប៉ុន និងហ្វីលីពីន ទំនងជានឹងបង្កើតក្របខណ្ឌថ្មីមួយសម្រាប់ការពិគ្រោះយោបល់រវាងអាជ្ញាធរការពារជាតិរបស់ពួកគេ ក្នុងគោលបំណងនាំចេញឧបករណ៍ការពារជាតិពីប្រទេសជប៉ុនទៅកាន់ប្រទេសហ្វីលីពីន។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហ្គេន ណាកាតានី (Gen Nakatani)ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី២២ ខែកុម្ភៈហើយឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលបឺតូ តូដូរ៉ូ ចេអ (Gilberto Teodoro Jr) លើក្របខ័ណ្ឌដែលបានគ្រោងទុក។ ការបង្កើតក្របខ័ណ្ឌថ្មីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជប៉ុន-ហ្វីលីពីន។
ការនាំចេញឧបករណ៍ការពារដំបូងរបស់ប្រទេសជប៉ុន គឺជាប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាសទៅកាន់ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២៣។ ប្រទេសជប៉ុនកំពុងពិចារណាក្នុងការនាំចេញរ៉ាដាបន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជាយានជំនិះចល័តរបស់កងកម្លាំងស្វ័យការពារដីគោក និងនាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ។
ដោយសារគោលការណ៍ណែនាំសម្រាប់ការអនុវត្តគោលការណ៍ទាំង៣របស់ប្រទេសជប៉ុន ស្តីពីការផ្ទេរបរិក្ខារការពារជាតិ និងបច្ចេកវិទ្យាកំណត់ការនាំចេញឧបករណ៍ការពារទៅជា ៥ប្រភេទ រួមទាំងការប្រុងប្រយ័ត្នការនាំចេញនាវាពិឃាតត្រូវបានរំពឹងទុកជាទម្រង់នៃគម្រោងអភិវឌ្ឍន៍រួមគ្នា។
នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ ប្រទេសជប៉ុន និងហ្វីលីពីន ត្រូវបានគេរំពឹងថានឹងយល់ព្រមលើនីតិវិធីសម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមកទ្វេភាគី ដើម្បីជួយសម្រួលដល់ការហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងស្វ័យការពារ និងយោធាហ្វីលីពីន ក៏ដូចជាលើការពង្រឹងសមយុទ្ធពហុភាគីដែលនឹងចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក និងអូស្ត្រាលី៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





