មន្ត្រីយោធាកំពូលពិភាក្សាពីការគំរាមកំហែងរបស់កូរ៉េខាងជើង ជាមួយសមភាគីអង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា មេបញ្ជាការកំពូលកូរ៉េខាងត្បូងបានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីថ្មីរបស់លោកនៅឯអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់ប្រទេសកូរ៉េខាងជើង។
JCS បាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់ភាគីទាំងពីរប្រធាន JCS លោក គីម យ៉ុងស៊ូ (Kim Myung-soo) និងលោក ហ្គីសេប ដ្រាហ្គន់ (Giuseppe Cavo Dragone) ប្រធានគណៈកម្មាធិការយោធាអង្គការ NATO បានចែករំលែកការវាយតម្លៃរបស់ពួកគេអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងពិភាក្សាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសកូរ៉េខាងត្បូង និងអង្គការ NATO ។
លោក គីម បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការឆ្លើយតបរួមគ្នាជាមួយអង្គការ NATO និងសហគមន៍អន្តរជាតិ ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី។
លោក ដ្រាហ្គន់ បានឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដោយលោកកត់សម្គាល់ថា បច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងវិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងជើង និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី បានក្លាយជាការគំរាមកំហែងជាសកល ខណៈដែលសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក និងនៅសហភាពអឺរ៉ុបកំពុងមានទំនាក់ទំនងគ្នាទៅវិញទៅមក។
លោក ដ្រាហ្គន់ ដែលពីមុនធ្លាប់ធ្វើជាប្រមុខការពារជាតិអ៊ីតាលី បានចូលកាន់តំណែងជាប្រធានគណៈកម្មាធិការយោធារបស់អង្គការ NATO កាលពីថ្ងៃទី១៧ ខែមករា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





