កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធដែនអាកាសរួមគ្នាពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកB-1B នៅក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងការគំរាមកំហែងយោធារបស់ប្រទេសកូរ៉េខាងជើង។
យន្តហោះចម្បាំង F-35A និង F-15K របស់ប្រទេសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងសមយុទ្ធរួមគ្នា ដែលនេះជាសមយុទ្ធលើកដំបូងរវាងសម្ព័ន្ធមិត្តនៅឆ្នាំនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា «ការហ្វឹកហ្វឺននេះត្រូវបានធ្វើឡើងដើម្បីបង្ហាញសមត្ថភាពរារាំងរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងជំរុញអន្តរប្រតិបត្តិការនៃកងកម្លាំងរួមបញ្ចូលគ្នារវាងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក»។
ក្រសួងបានបន្ថែមថា ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធ សម្ព័ន្ធមិត្តនឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយបន្តពង្រីកសមយុទ្ធរួមគ្នា ដើម្បីទប់ស្កាត់ និងប្រឆាំងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។
សមយុទ្ធចុងក្រោយនេះ គឺជាសមយុទ្ធផ្លូវអាកាសរួមគ្នាលើកដំបូងរវាងសម្ព័ន្ធមិត្ត ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B បន្ទាប់ពីការវិលត្រឡប់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់សេតវិមានកាលពីខែមុន។
ប្រទេសទាំងពីរបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាមួយប្រទេសជប៉ុន កាលពីថ្ងៃទី១៥ខែមករា ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន ២គ្រឿងបន្ថែមពីលើយន្តហោះចម្បាំង F-15K របស់ប្រទេសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-2 របស់ប្រទេសជប៉ុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





