ឯកឧត្តម អ៊ុន ចាន់ដា៖ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្ត
AKP កំពង់ចាម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា វិស័យកសិកម្មដែលជាវិស័យស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្តកំពង់ចាម មានការរីកចម្រើនប្រកបដោយចីរភាព ដោយប្រជាពលរដ្ឋប្រមាណជាង៦២% ជាអ្នកប្រកបលើវិស័យកសិកម្ម។ វិស័យកសិកម្មជាសក្តានុពល បានចូលរួមចំណែកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចខេត្ត គឺមានប្រមាណជាង៣៩,៥៥% ក្នុងទំហំសេដ្ឋកិច្ចខេត្តចំនួន ២.៦៥៧លានដុល្លារ។ វិស័យកសិកម្មបានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្ត និងលើសពីតម្រូវការហូបចុករបស់ប្រជេាជនហើយនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិស័យកសិកម្មខេត្តកំពង់ចាមពិតជាបានរួមចំណែក ដើម្បីសម្រេចគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការនាំអង្ករចេញ ១លានតោនក្នុង១ឆ្នាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើសេដ្ឋកិច្ចដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មទាំងអស់បន្តជំរុញការផ្សព្វផ្សាយបច្ចេកទេសកសិកម្មសមស្រប និងការធ្វើពិពិធកម្មកសិកម្ម ជូនប្រជាកសិករ។ ចុះអនុវត្ត និងតាមដានជាប្រចាំនូវការអនុវត្តរបស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសដល់ពួកគាត់។ បន្តជួយបណ្តុះបណ្តាលជូនកសិករអំពីបច្ចេកទេស និងការប្រើប្រាស់ ជីកសិកម្ម ចៀសវាងបង្កផលប៉ះពាល់ណាមួយដល់ដំណាំ និងសុខភាព និងបន្តពង្រឹងសហគមន៍កសិកម្ម បណ្ដុំអាជីវកម្ម ដើម្បីងាយស្រួលក្នុងការធ្វើផែនការដាំដុះ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារផលិតកម្មកសិកម្ម៕

ដោយ ឆាយ ម៉ុត





