បុតស្វាណាបិទសាលារៀនដោយសារភ្លៀងធ្លាក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- អាជ្ញាធរអប់រំរបស់ប្រទេសបុតស្វាណា បានបញ្ជាឱ្យបិទសាលារៀនជាបណ្តោះអាសន្ន ដោយសារតែមានការរំខានក្នុងការដឹកជញ្ជូនសិស្សដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
លោកស្រី ណូណូ ហ្គាហ្វេឡា ម៉ូកូកា (Nono Kgafela Mokoka)រដ្ឋមន្ត្រីក្រសួងសុខុមាលភាពកុមារ និងអប់រំមូលដ្ឋាន បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវភាគច្រើន និងកាត់ផ្តាច់ផ្លូវមួយចំនួន ដែលធ្វើឱ្យសិស្សមិនអាចធ្វើដំណើរទៅ និងមកពីសាលារៀន។
លោកស្រីបាននិយាយថា ការបិទបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី២៤ ខែកុម្ភៈ ដោយលោកស្រីបន្ថែមថាស្ថានភាពនឹងត្រូវបានត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅសប្តាហ៍ក្រោយ។
ប្រទេសបុតស្វាណាបាននឹងកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស។
ភ្លៀងធ្លាក់នាពេលបច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថានឹងបន្តកើតមានពេញមួយសប្តាហ៍នេះ ហើយអាចបន្ដរហូតដល់ចុងខែកុម្ភៈ ជាមួយនឹងកម្ពស់ទឹកភ្លៀង ៥០មីលីម៉ែត្រ ឬទំនងជានឹងបន្តក្នុងរយៈពេល ២៤ម៉ោងខាងមុខនៅតាមតំបន់មួយចំនួនរបស់ប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





