មីយ៉ាន់ម៉ាចាប់ខ្លួនជនបរទេសខុសច្បាប់ចំនួន ២៥០នាក់បន្ថែមទៀតនៅក្នុងការបង្ក្រាបការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ាបានចាប់ខ្លួនជនបរទេសបន្ថែមចំនួន ២៥០នាក់ដែលបានចូលមកក្នុងប្រទេសដោយខុសច្បាប់នៅក្នុងសង្កាត់ម៉ាវ៉ាដឌី នៃរដ្ឋកាយីន។
ក្រុមការងារបាននិយាយថា ជនបរទេសខុសច្បាប់ត្រូវបានចាប់ខ្លួននៅតំបន់ Shwe Kokko និងតំបន់ KK Park។ ក្រុមការងារបាននិយាយថាជនបរទេសសរុបចំនួន ១.៥៥៣នាក់ត្រូវបានចាប់ខ្លួនពីបទចូលមកក្នុងប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី៣០ ខែមករា។
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ ការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតនិងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





