រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក ស្វែងរកផ្លូវត្រូវដើម្បីចុះសម្រុងគ្នា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែស្វែងរកផ្លូវត្រូវដើម្បីចុះសម្រុងគ្នា។
លោក វ៉ាង បាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយតំណាងសហរដ្ឋអាមេរិកនៅខាងក្រៅកិច្ចប្រជុំកម្រិតកំពូលរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែអនុវត្តតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយត្រូវស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរក្នុងការចុះសម្រុងគ្នាទៅវិញទៅមក។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ប្រទេសចិននិងសហរដ្ឋអាមេរិក មានផលប្រយោជន៍រួមដ៏ធំ ហើយមានកន្លែងធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ។
លោក វ៉ាង បាននិយាយថា ភាគីទាំងពីរគួរតែគោរពយ៉ាងស្មោះស្ម័គ្រចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងកសាងទំនុកចិត្ត ការពារការរំខាន និងជំនះឧបសគ្គ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-សហរដ្ឋអាមេរិក អាចប្រសើរឡើង និងមានស្ថិរភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





