ចិន និងប៉ាគីស្ថាន ជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បាននិយាយថា ក្នុងនាមជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសចិន និងប៉ាគីស្ថាន នឹងពង្រឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ពួកគេ។
លោក វ៉ាង ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីសាក ដារ (Ishaq Dar) នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។
លោក វ៉ាង បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ហើយនេះជាការចាំបាច់ដើម្បីពិនិត្យមើលឡើងវិញនូវបំណងនៃការបង្កើតស្ថាប័នពិភពលោក ដើម្បីអនុវត្តន៍ និងលើកកម្ពស់ពហុភាគីនិយម និងកំណែទម្រង់ និងកែលម្អអភិបាលកិច្ចសកល។
រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ក្នុងនាមជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជ្រុងជ្រោយ ប្រទេសចិន និងប៉ាគីស្ថាន តែងតែជឿជាក់ និងគាំទ្រគ្នាទៅវិញទៅមក ដោយលោកបានបន្ថែមថា ជំនួបដ៏ជោគជ័យនាពេលថ្មីៗនេះរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ ហ្សារដារី (Asif Ali Zardari) បានបន្ថែមដល់ទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងប៉ាគីស្ថាន។
ចំណែកឯលោក ដារ បាននិយាយថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី ហ្សារដារី ទៅកាន់ប្រទេសចិនបានទទួលជោគជ័យយ៉ាងខ្លាំង ហើយភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ាគីស្ថាន-ចិន បានឈានដល់កម្រិតកំពូលជាមួយនឹងវឌ្ឍនភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
លោក ដារ បាននិយាយថា ប្រទេសប៉ាគីស្ថានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ហើយនឹងធានាសុវត្ថិភាពយ៉ាងពេញលេញចំពោះស្ថាប័ន និងបុគ្គលិករបស់ប្រទេសចិននៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបានបន្ថែមថាប្រទេសប៉ាគីស្ថានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសចិននៅក្នុងរបៀបវារៈពិភពលោក ហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងគាំទ្រគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





