ចិនគាំទ្រយ៉ាងមុតមាំនូវតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ ហើយមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពិភពលោក។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរេស (Antonio Guterres) បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ។
ដោយកត់សម្គាល់ថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នត្រូវបានសម្គាល់ដោយការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ លោក វ៉ាង បាននិយាយថា ពិភពលោកកាន់តែមានភាពចលាចល និងមិនស្ថិតស្ថេរ ហើយវាកាន់តែមានសារៈសំខាន់ក្នុងការរក្សាសិទ្ធិអំណាច និងតួនាទីរបស់អង្គការសហប្រជាជាតិ។
លោកបាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំនូវតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ ហើយត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពិភពលោក ដើម្បីអនុវត្តពហុភាគីនិយមពិតប្រាកដ និងជំរុញបុព្វហេតុសន្តិភាព និងការអភិវឌ្ឍពិភពលោក។
ចំណែកឯលោក ហ្គូធឺរេស បានកត់សម្គាល់ថា អង្គការសហប្រជាជាតិយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់ប្រទេសចិន ហើយយល់ព្រមនិងគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមពិភពលោកចំនួន ៣ដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ។
លោកបាននិយាយថា ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន អង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





