ឯកឧត្តម ពេជ សោភ័ន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម អភិបាល អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូខេត្តព្រះសីហនុ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជាចិនខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍នៃការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ខេត្តព្រះសីហនុ ក្នុងគោលបំណងអនុវត្តវិធានគន្លឺះក្នុងវិស័យអប់រំ ផ្តោតលើការពង្រឹងអភិបាលកិច្ចសាលារៀន ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និងការបង្រៀនបន្ថែម ២ម៉ោងក្នុង១ថ្ងៃ ការលើកកម្ពស់សុខភាព និងអនាម័យសិស្ស និងការជំរុញចូលរួមរបស់សហគមន៍ ដើម្បីអប់រំកូន ចៅតាមសាលាបឋមសិក្សាររដ្ឋ ដែលមន្ទីរអប់រំយុវជន និងកីឡាខេត្ត គ្រឹះស្ថានអប់រំ សាធារណៈ និងឯកជន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាលារៀនគោលដៅ គ.វ.អទាំង៦ ក្នុងខេត្ត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីរៀបចំ និងផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាព វិធានការចាំបាច់នានា កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្មដែលរួមមាន សូចនាករគន្លឹះគោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយៈ៖ ១- ការពង្រឹងអភិបាលកិច្ចសាលារៀន ២-ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ៤-ការជំរុញ នឹងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ឯកឧត្តម ពេជ សោភ័ន បានពាំនាំសេចក្តីនឹករលឹករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ បានខិតខំប្រឹងប្រែងគាំ ទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញវិធានការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងការបង្រៀនកូន ចៅរបស់យើងទទួលបានជោគជ័យ និងបាន អរគុណចំពោះអភិបាលខេត្តដែលបានរៀបចំកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំនៅក្នុងចលនាគាំទ្រសាលារៀន ពិសេសការបណ្តុះបណ្តាលគ្រូ បង្គោលជាគោលនយោបាយថ្មីមួយ ដោយមានការគាំទ្រពីមហាជន។ ដូច្នេះអ្នកពាក់ព័ន្ធមានដូចជាលោកគ្រូ អ្នកគ្រូ នាយក នាយិកា និងអាជ្ញាធរ ចូលរួមសហការចាប់ផ្តើមយុទ្ធនាការសាលារៀនគោលដៅ គ.វ.អ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសាលារៀនគោលដៅ ក្នុងការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នូវវិធានការគន្លឹះក្នុងវិស័យអប់រំ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងវិធានការគន្លឹះនៃវិស័យអប់រំ ក្នុងនោះ ១. ការពង្រឹករដ្ឋបាលសាធារណ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ប្រសិទ្ធផល ២. ការលើកកម្ពស់គុណភាពអប់រំ ៣. ការលើកកម្ពស់គុណភាពសុខាភិបាល ៤.ការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៥.ការពង្រឹងលើកកម្ពស់គុណភាពយុត្តិធម៌។

ឯកឧត្តមបានបន្តថា ការលើកកម្ពស់គុណភាពអប់រំតាមរយៈវិធានគន្លឹះ៤ ក្នុងនោះ លើកកម្ពស់អភិបាលកិច្ចគុណភាពសាលារៀន កែសម្រួលកម្មវិធីសក្សា លើកកម្ពស់សុខភាពសិស្សានុសិស្ស លើកទឹកចិត្តការចូលរួមពីមាតាបីតា ព្រោះការអប់រំទាក់ទងនឹងសកម្មភាពទាំង៤ ខាងលើ ដើម្បីជំរុញវិធានការគន្លឹះក្នុងការអប់រំ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើកុមារដែលជាទំពាំងស្នងឫស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិឱ្យមានការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាពឈានចូលក្នុងទីផ្សារការងារបានងាយស្រួល ក្នុងការកសាងសង្គមជាតិមួយទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ៕


ដោយ ងូ សុមុនី





