ទំនាក់ទំនងរវាងកងទ័ពកម្ពុជា ជប៉ុន ទទួលបានលទ្ធផលជាផ្លែផ្កាល្អ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) នាយការិយាល័យអនុព័ន្ធយោធាជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងនាមក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះលោកនាយការិយាល័យអនុព័ន្ធយោធាជប៉ុន ដែលបានខិតខំបំពេញបេសកកម្មយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យទំនាក់ទំនងរវាងកងទ័ពយើងទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កា។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាក៏មានការរីកចម្រើន និងមានទំនាក់ទំនងនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ ជាក់ស្ដែងក្នុងរយៈពេលកន្លងមកនេះ ជប៉ុនក៏បានជួយកម្ពុជាក្នុងការស្វែងរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ជាពិសេសកងស្វ័យជប៉ុន ដែលបានបញ្ជូនចេញក្រៅប្រទេស ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិមកកម្ពុជាមុនគេ ហើយប្រធានអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថាអ៊ុនតាក់ គឺលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ជាជនជាតិជប៉ុនផងដែរ។ ក្រោយមកទៀតក៏មានការទំនាក់ទំនងជាច្រើន ដែលថ្នាក់ដឹកនាំយើងទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ចំណែកឯវិស័យយោធាវិញ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើន ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ក៏បានមកទស្សនកិច្ចនៅកម្ពុជា ហើយបានឱ្យថ្នាក់ដឹកនាំរបស់កងយោធពលខេមរភូមិន្ទ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ។ ការទំនាក់ទំនងរវាងកងទ័ពយើងទាំងពីរកម្ពុជា-ជប៉ុន នៅក្នុងអាណត្តិរបស់ លោកវរសេនីយ៍ឯក ភាគីជប៉ុនតែងតែបានផ្តល់វគ្គសិក្សា និងហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក ទន្ទឹមនឹងនោះជប៉ុនក៏បានជួយក្នុងវិស័យដោះមីននៅកម្ពុជា និងជួយដល់កងកម្លាំងកម្ពុជាដែលចេញទៅបំពេញបេសកកម្មរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានសំណូមពរដល់ភាគីជប៉ុនបន្តផ្តល់អាហារូបករណ៍ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ មានឱកាសបានទៅសិក្សានៅជប៉ុន និងសុំឱ្យបន្តជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។

ជាការឆ្លើយតប អនុព័ន្ធយោធាជប៉ុន បានថ្លែងអំណរគុណ និងបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងជម្រាបលា ហើយលោកបានបញ្ជាក់ថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាឱ្យកាន់តែប្រសើរ និងជួយជំរុញដល់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់អាហារូបករណ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ និងជួយហ្វឹកហ្វឺនដល់កងកម្លាំងមួកខៀវកម្ពុជា៕
ដោយ សំ សាម៉ន





