ការដំឡើងសួនបាញ់ទឹកកម្សាន្តនៅខេត្តកំពតសម្រេចរង្វង់៦០% ខណៈដែលការអ៊ុតផ្លូវសម្រេចជាង៧០%
AKP កំពត ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ -- អភិបាលក្រុងកំពតបានបញ្ជាក់ថា សួនបាញ់ទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងលម្អនៅខេត្តកំពត ដែលពលរដ្ឋ និងភ្ញៀវទេសចរកំពុងទន្ទឹងរង់ចាំទស្សនា បានលេចចេញរូបរាង៦០% ខណៈដែលការជួសជុល និងអ៊ុតកៅស៊ូ ផ្លូវសំខាន់ៗ១០ខ្សែ សម្រេចបានជាង៧០%។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្ត បាន និងកំពុងលេចចេញនូវសមិទ្ធផលដ៏ទាក់ទាញជាបន្តបន្ទាប់។ ទន្ទឹមនឹងមានឆ្នេរស្អាតៗជាច្រើនកន្លែងនៅតាមដងព្រែក រូបសំណាកត្រីសេះសមុទ្រ និងនាឡិកាខ្នាតធំ សមិទ្ធផលថ្មីមួយទៀត គឺសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេង សម្រេចបានរង្វង់ ៦០%។

អ្នកជំនាញមកពីប្រទេសចិនបានបញ្ជាក់ដែរថាការដំឡើងសួនបាញ់ទឹករាំតាមចង្វាក់ភ្លេងរៀបចំជា៣ដំណាក់កាល បច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលទី២ តាមការរំពឹងទុកចុងខែមីនាអាចរួចរាល់។

ទន្ទឹមនឹងសមិទ្ធផលសួនបាញ់ទឹកកម្សាន្ត រដ្ឋបាលខេត្តកំពត ក៏បានរៀបចំកែលម្អជួសជុលនិងអ៊ុតកៅស៊ូ ផ្លូវមាត់ព្រែក និងផ្លូវកាត់ទន្ទឹងផ្លូវមាត់ព្រែកចំនួន១០ខ្សែផងដែរ។ ហើយបើតាមការវញ្ជាក់របស់អភិបាលក្រុងកំពត ថាគិតមកដល់ថ្ងៃនេះសម្រេចបានរង្វង់ ៧០%ដែរ។

លោកអភិបាលក្រុងបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែលះបង់កម្លាំងកាយចិត្ត ដើម្បីគិតគូរអំពីសុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្ត តាមតាមរយៈការផ្ដួចផ្ដើមគំនិតស្ថាបនា សមិទ្ធផលមានសក្តានុពលនានាជាច្រើនក្នុងខេត្ត ដើម្បីទាក់ទាញទេសចរ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់ និងប្រយោល៕
ដោយ ប្រាក់ លាង





