ពិធីបើកការដា្ឋនសាងសង់អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាពកម្ពស់៧ជាន់ ដែលជាអំណោយសម្ដេចតេជោហ៊ុន សែន ស្ថិតនៅវត្ដស្វាយពពែ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខចម្រើន ក្នុងការបើកការដា្ឋនសាងសង់អគារអន្តេវាសិកដ្ឋាន «សម្តេចតេជោសន្តិភាព» កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅក្នុងបរិវេណវត្ដស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើន គេតែងប្រារព្វពិធីនេះឡើងមិនខកខានឡើយ ហើយសម្រាប់ពិធីតាមបែបសាសនានេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏បានយាងប្រកាសទេវតា និងស្វាធ្យាយព្រះបរិត្តពុទ្ធជ័យមង្គលក្នុងពិធីនេះផងដែរ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកលើការងារនេះបានឱ្យដឹងថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ មានកម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អគារនេះមានបណ្តោយប្រវែង៣៧ម៉ែត្រ និងទទឹង៩ម៉ែត្រ ស្មើនឹង៤២បន្ទប់ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈនេះ និងត្រូវប្រើប្រាស់ពេលវេលានៃការសាងសង់ចំនួន១២ខែទើបបញ្ចប់៕
ដោយ សួស សំរិត





