ឧត្តមសេនីយ៍ទោ ហេង សុផល អញ្ជើញចុះពិនិត្យការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានជំរុញប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗនៅតាមមូលដ្ឋានត្រូវបើកទ្វារ២៤ម៉ោង លើ២៤ម៉ោង ត្រៀមខ្លួនរួចជាស្រេច រង់ចាំកិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋ នាគ្រាជួបការលំបាកដែលមានបញ្ហាកើតឡើងជាយថាហេតុ ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសាកសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីឱ្យកងកម្លាំង និងប្រជាការពារតាមភូមិត្រៀមចុះល្បាតនិងជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាកើតឡើងបានទាន់ពេលវេលា និងជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។

ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍ថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគឺ ត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំដឹកនាំកងកម្លាំងអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ក្រោមម្លប់សន្តិភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាងជំរកកន្លែងស្នាក់នៅប្រចាំការ បំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈតំបន់ងាយរងគ្រោះ លើកកម្ពស់ ការយល់ដឹងនិងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ។ រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពទទួលយកយោបល់របស់ប្រជាពលរដ្ឋ នូវបញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងចលនាប្រជាការពារឃុំនីមួយៗបំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ បន្តចុះរដ្ឋបាលតាមខ្នងផ្ទះចែកលេខទូរស័ព្ទ សមត្ថកិច្ច សម្រាប់អន្តរាគមន៍។ បន្តធ្វើអំពីល្អ ផ្ដល់ទំនុកចិត្ត ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ពង្រឹងជាប្រចាំ ការល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមគោលដៅងាយរងគ្រោះគ្រប់គ្រងថែរក្សាទ្រព្យរដ្ឋឱ្យបានគង់វង្ស។ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលប្រឈម ត្រូវបញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬស្នងការដ្ឋាននគរបាលខេត្ត ជួយទ្រោលសភាពការណ៍ តាមការកំណត់ណាមួយឱ្យមានលក្ខណៈលឿនបំផុតជូនប្រជាពលរដ្ឋដែលជួបបញ្ហាកើតឡើងនៅក្នុងសហគមន៍។


សូមជម្រាបថា ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យ កំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ នាពេលខាងមុខរួមមាន៖ ១- ប៉ុស្តិ៍នគរបាលរដ្ឋបាលគោល ស្រុកប្រាសាទសំបូរ ២- ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ៣- ប៉ុស្តិ៍នគរបាលរដ្ឋបាលក្លែង ៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់ ៥- ប៉ុស្តិ៍នគរបាលរដ្ឋបាលមានរិទ្ធ និង៦- ប៉ុស្តិ៍នគរបាលរដ្ឋបាលទំរីងស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





