គណៈកម្មការ ខ ២៦.១ ខេត្តកំពង់ធំ ផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
AKP កំពង់ធំ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និជាប្រធានគណៈកម្មការ ខ២៦.១ ខេត្តកំពង់ធំ។

លោក ង៉ាង ស អនុប្រធានគណៈកម្មការ ខ ២៦.១ ខេត្តកំពង់ធំ បានអានរបាយការណ៍ និងសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នាពេលថ្មីៗនេះនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាជូនអង្គពិធីដើម្បីជ្រួតជ្រាប និងបានណែនាំភារកិច្ចមួយចំនួនស្ដីពីការងារគណបក្សជូនដល់សមាជិកអង្គពិធីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈកម្មការ ខ ២៦.១ និងសាខាបក្សគ្រប់ថ្នាក់ ព្រមទាំងសមាជិកសមាជិការបស់គណៈកម្មការ ខ ២៦.១ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញភារកិច្ចនិងតាមតួនាទី ដែលគណបក្សបានប្រគល់ជូននាពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ចំពោះក្រុមការងារគណបក្សនៃគណៈកម្មការ ខ ២៦.១ ដែលបានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារ ថវិកា ចូលរួមចំណែកជួយដល់មូលដ្ឋានក្នុងការរៀបចំពិធីផ្សេងៗមានជាអាទិ៍ ការរៀបចំខួបលើកទី៤៦ទិវារណសិរ្សសាមគ្គីកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្ងៃទី២ធ្នូ (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) និងខួបលើកទី៤៦ ទិវាបុណ្យជាតិ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) បានយ៉ាងល្អប្រសើរ។ពិសេសបានចូលរួមលះបង់ថវិកាក្នុងការកសាងទីស្នាក់ការគណបក្សមួយខ្នងនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ដែលមានតម្លៃជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបានរៀបចំបំពាក់គ្រឿងសង្ហារឹមផ្សេងៗដើម្បីបម្រើសកម្មភាពការងារនៅទីស្នាក់ការគណបក្សផងដែរ។

ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្ដាលគណបក្សនៅវិមាន ៧ មករា និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់សមាជិកសមាជិកាគណៈកម្មការ ខ ២៦.១ ដើម្បីបន្តរួមគ្នាឆ្ពោះទៅកាន់មូលដ្ឋាន ក្នុងភារកិច្ចពង្រឹង និងពង្រីកសមាជិកគណបក្ស ទាំងបរិមាណ និងគុណភាព និងការបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីត្រៀមដណ្ដើមយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ខាងមុខនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មីទៀត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





