ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង លោកស្រីអនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យ ប្រធានអង្គភាព លោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទទួល (សេនាធិការ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្តាប់ធ្នាប់ និងកិច្ចការប៉ុស្តិ៍) និងលេខាកត់ត្រាផងដែរ។

ក្នុឱកាសនោះ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានមានប្រសាសន៍ថា ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានលើកយកកំណត់ហេតុច្បាស់លាស់ឱ្យដឹងថាខែមុនមានបញ្ហាអ្វីខ្លះដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ និងការងារបន្ទាប់ គឺមានសារៈសំខាន់ដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយបន្ទាន់ ដែលក្នុងនោះគឺបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការជំរុញផ្ដល់បណ្ណកម្មសិទ្ធិបង្កាន់ដៃផ្សេងៗជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោកបានបន្តថា គ្រប់សាលារៀនក្នុងខេត្តទាំងអស់ ផ្ដល់ការអប់រំណែនាំបន្ថែមអំពីបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្រើនជាមួយកម្មពិធីសិក្សាតាមសាលារៀនថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក។ បង្ក្រាបល្បែងស៊ីសងដែលច្បាប់ហាមឃាត់ មេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុក-ក្រុង។ ហើយក្រុង-ស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្តត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានជំរុញដល់កម្លាំងនគរបាលទាំងអស់ត្រូវ គោរពវិន័យបន្តអនុវត្តន៍ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោបានផ្ដល់នូវសម្ភារមួយចំនួនដូចជា ប្រដាប់ស្កេនការពារសុវត្ថិភាពចំនួន០៥ប្រគល់ឱ្យការិយាល័យសន្តិសុខផ្ទៃក្នុង ពិលខ្មៅធំចំនួន០៣ប្រគល់ឱ្យការិយាល័យចរាចរណ៍នគរបាលផ្លូវគោកចំនួន០១ ការិយាល័យចរាចរណ៍នគរបាលផ្លូវទឹកចំនួន ០១ និងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន១ ពិលខ្មៅ (កាន់ដៃ) ចំនួន០៥ប្រគល់ឱ្យការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ពិលពាក់ក្បាលចំនួន១០ប្រគល់ឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកចំនួន០៥ និងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន០៥៕
ដោយ បៃ ស៊ីថុន





