ទីប្រឹក្សាស្ថានទូតចិនធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាដឹកនាំដោយលោកស្រី Li Ji រួមទាំងសហការីចំនួន៣រូប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ។

ដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍ពីលោក ឃូ អៀងហួត និងលោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។ លោកអគ្គនាយករងទាំងពីរបានជូនដំណើរប្រតិភូពិនិត្យមើលទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមាន ប្រាសាទប្រាំ ប្រាសាទខ្នារ និងត្រពាំងអង្គខ្នារ ប្រាសាទក្រចាប់ ប្រាសាទក្រហម បរិវេណប្រាសាទរួម និងប្រាសាទប្រាង្គ ព្រមទាំងបានពន្យល់អំពីកិច្ចការងារអភិរក្ស និងផែនការអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរជូនប្រតិភូស្ថានទូតចិនយ៉ាងក្បោះក្បាយផងដែរ។


រមណីយដ្ឋានប្រាសាទកោះកេរស្ថិតក្នុងខេត្តព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





