ក្រុមអ្នកជំនាញរកឃើញបំណែកផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើ និងសិលាជាច្រើននៅលើកោះមូលខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមអ្នកជំនាញមកពីបរទេស និងអ្នកជំនាញនៅកម្ពុជាបានរកឃើញផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើ និងសិលាជាច្រើននៅលើកោះមូល ក្នុងភូមិមួយ ឃុំកោះកាពិ ខេត្តកោះកុង។

ប្រភពខាងលើនេះបានឱ្យដឹងថាក្នុងការសិក្សាស្រាវជ្រាវកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកជំនាញផ្នែកផូស៊ីលអន្តរជាតិ៤នាក់ អ្នកជំនាញផ្នែកភូគព្ភសាស្រ្ត និស្សិតមកពីបណ្ដាលសកលវិទ្យាល័យនានាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរកឃើញបំណែកផូស៊ីលសត្វឆ្អឹងកង មួយចំនួន និងផូស៊ីលឈើ និងសិលានានាជាច្រើន ហើយបំណែកផូស៊ីល និងសិលា និងត្រូវបន្តយកទៅសម្អាត និងសិក្សាបន្តនៅមន្ទីរពិសោធន៍ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទ និង ពូជសត្វ រុក្ខជាតិ ក៏ដូចជា សិលានានា ផងដែរ ដើម្បីអ្នកជំនាញ អាចសន្និដ្ឋានពីបរិស្ថាននាសម័យដែលសត្វទាំងនោះរស់នៅ។ សម្រាប់ ស្ថានីយកោះមូល និងស្ថានីយភ្នំតាមាន ក្នុងភូមិសាស្រ្តទឹកដី ខេត្តកោះកុងនេះ មានអាយុកាលចាស់ជាង៦៥លានឆ្នាំមុន។


សូមបញ្ជាក់ថា នាយកដ្ឋានតំបន់បេតិកភណ្ឌរបស់ក្រសួងបរិស្ថានបានទទួលគម្រោងស្រាវជ្រាវស្ដីពីការកំណត់អត្តសញ្ញាណផូស៊ីល និងស្រ្តាទីក្រាហ្វ ដើម្បីសិក្សាអំពីប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈគណៈកម្មការយូណេស្កូជាតិកម្ពុជា៕
ដោយ៖ ដេប៉ូ





