ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួនពីរគឺ៖ ទី១) គម្រោងការពារច្រាំងទន្លេប្រវែង២០០ម៉ែត្រ ជា Gabion Box ដោយរៀបបាវ Geotextile ផ្នែកខាងក្រោម ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និង ទី២) គម្រោងការពារច្រាំងទន្លេប្រវែង ៤៥០ម៉ែត្រ ជា Gabion Box ដោយរៀបបាវ Geotextile ផ្នែកខាងក្រោម ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ព្រមទាំងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ១០០០ម៉ែត្រ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ឱ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





